(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដអំពាវនាវដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ ពិសេសវិនិយោគិនខេត្តក្វាងស៊ី ឲ្យរួសរាន់មកវិនិយោគឲ្យទាន់ពេលវេលា ដើម្បីទទួល​បានយកអត្ថប្រយោជន៍ពីទីផ្សារ និងបរិយាកាសអំណោយផលរបស់កម្ពុជា។

លោកបានបន្ដថា លើសពីនេះសូមអំពាវនាវដល់ធុរជន និងអ្នក​វិនិយោគចិនដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍​ ជាអតិបរមាពីភាពអនុគ្រោះដែលកម្ពុជាមាន។

ការលើកឡើងរបស់លោក ឈួន ដារ៉ា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីវេទិកាស្ដីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជា-ចិនខេត្តក្វាងស៊ី នៅថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៣។

លោក ឈួន ដារ៉ា បានថ្លែងថា «ខ្ញុំសូមអំពាវនាវដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ត្រូវសម្រេចចិត្តវិនិយោគនៅកម្ពុជាឱ្យទាន់ពេល ដើម្បីទទួលយកអត្ថប្រយោជន៍ពីទីផ្សារ ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក្នុងបរិយាកាសអំណោយផល»។

លោកអះអាងទៀតថា​ ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាមានសេដ្ឋកិច្ច បើកចំហផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកអាស៊ាន ជាភាគីនៃកិច្ចព្រមព្រៀងអាសិប (RCEP) និងថ្មីៗនេះ ជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ខណៈកម្ពុជាបាននឹងកំពុងបន្តពិនិត្យលទ្ធភាព បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសដៃគូផ្សេងទៀត ហើយអាចនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ ជាមួយអេមីរ៉ាត់អារ៉ាប់ ក្នុងពេលឆាប់ៗនេះ។

លោកបានបន្ដថា សូមស្វាគមន៍ការវិលត្រលប់មកវិញនៃធុរជន និងវិនិយោគិនចិន ដើម្បីប្រកបអាជីវកម្មនៅកម្ពុជា ឱ្យបានច្រើនកុះករ លើសពីអំឡុងពេលមុនមានការផ្ទុះជំងឺកូវីដ-១៩។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា បានថ្លែងថា វេទិកាស្តីពីការជំរុញពាណិជ្ជកម្ម និង វិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជា-ចិន(ខេត្តក្វាងស៊ី) ផ្ដល់នូវអត្ថប្រយោជន៍ដល់ធុរជន និងវិនិយោគិនប្រទេសទាំងពីរ ដែលនឹងឆ្លុះបញ្ចាំងនូវបច្ចុប្បន្នភាពនៃគោលនយោបាយលើកទឹកចិត្ត និងវិស័យសក្តានុពលផងដែរ។

លោកឧកញ៉ាបានបន្ដថា «សូមលើកទឹកចិត្តធុរជនចិន សិក្សាស្វែងយល់ និងវិនិយោគបន្ថែមនៅកម្ពុជា និងសូមលើកទឹកចិត្ត ធុរជនទាំងពីរប្រទេសចូលរួមឲ្យបានសកម្ម និងជួបប្រាស្រ័យទាក់ទងគ្នា ពិភាក្សាគ្នាអំពីលទ្ធភាពសហការលើគម្រោងជាក់លាក់»