(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកស្វែងរកទំនាក់ទំនងសេដ្ឋកិច្ច «ប្រកបដោយស្ថាបនា និងស្មើភាព» ជាមួយចិន ប៉ុន្តែនឹងការពារផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន និងប្រឆាំងនឹងសកម្មភាពរបស់ចិន ក្នុងការត្រួតត្រាលើគូប្រជែងបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ថ្លែងនៅឯសាលា Advanced International Studies នៃសាកលវិទ្យាល័យ Johns Hopkins លោកស្រី Yellen បានលើកឡើងពីគោលបំណងសំខាន់ៗ របស់រដ្ឋាភិបាលលោក Joe Biden សម្រាប់អ្វីដែលលោកស្រីហៅថា ទំនាក់ទំនងសេដ្ឋកិច្ច «សំខាន់» រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនេះ ខណៈដែលប្រទេសចិន កំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។

លោកស្រី Yellen ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «ទំនាក់ទំនងរបស់យើង គឺច្បាស់ណាស់ ស្ថិតក្នុងពេលវេលាដ៏តានតឹង។ គោលដៅរបស់ខ្ញុំ គឺត្រូវមានភាពច្បាស់លាស់ និងស្មោះត្រង់ មានប្រាស្រ័យទាក់ទងល្អ ចំពោះទំនាក់ទំនងដ៏សំខាន់នេះ ដោយផ្អែកលើការពិតច្បាស់លាស់»

លោកស្រីក៏បានថ្លែងផងដែរថា លោកស្រីមានបំណងធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំង «នៅពេលវេលាសមស្របណាមួយ» ដើម្បីជួបជាមួយសមភាគីចិនថ្មី របស់លោកស្រី ដើម្បីជួយគ្រប់គ្រងទំនាក់ទំនង «ប្រកបដោយការទទួលខុសត្រូវ» ប៉ុន្តែក្រសួងរតនាគារអាមេរិក មិនបានផ្តល់ព័ត៌មានលម្អិត អំពីពេលវេលានៃការធ្វើដំណើរទស្សនកិច្ចនេះទេ។

ការថ្លែងរបស់លោកស្រី Yellen បានធ្វើឡើងក្នុងគ្រា ដែលមានការកើនឡើងភាពតានតឹង និងទុទិដ្ឋិនិយមក្នុងទំនាក់ទំនងអាមេរិក-ចិន ជុំវិញបញ្ហាសន្តិសុខជាតិ រួមទាំងបញ្ហាកោះតៃវ៉ាន់ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ការបង្កើនការហាមឃាត់ការនាំចេញ របស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យាទំនើប និងគោលនយោបាយឧស្សាហកម្មដឹកនាំដោយរដ្ឋាភិបាលចិន។

អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានព្រមានកាលពីសប្តាហ៍មុនថា ភាពតានតឹងបែបនេះ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់អាចនឹងរីករាលដាល់ ទៅជាសង្រ្គាមត្រជាក់ថ្មីមួយ ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចសកលនៅទ្រឹង។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ៕