(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ី បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានការខកចិត្ត ចំពោះច្បាប់របស់សហភាពអឺរ៉ុប ដែលហាមឃាត់ការនាំចូលទំនិញ ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ដោយខ្លាចមានផលប៉ះពាល់ ដល់ការនាំចេញប្រេងដូងទៅកាន់ប្លុកនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាលពីថ្ងៃពុធ សភាអ៊ឺរ៉ុប បានអនុម័តច្បាប់សំខាន់មួយ ដែលនឹងតម្រូវឱ្យក្រុមហ៊ុនដែលលក់ទំនិញ ទៅកាន់សហភាពអឺរ៉ុបផលិតព័ត៌មាន «ដែលអាចផ្ទៀងផ្ទាត់បាន» ដែលបង្ហាញថា ទំនិញរបស់ពួកគេមិនដាំដុះនៅលើដី ដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ២០២០ បើមិនដូច្នេះទេនឹងប្រឈមការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។

ច្បាប់នេះនឹងអនុវត្តចំពោះសណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ កាហ្វេ កៅស៊ូ ធ្យូង និងផលិតផលបំប្លែងនានា រួមទាំងស្បែក សូកូឡា និងគ្រឿងសង្ហារឹម។

រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា ច្បាប់នេះគឺជា «កិច្ចខិតខំប្រឹងប្រែងដោយចេតនា» ដើម្បីបង្កើនការចំណាយ និងឧបសគ្គសម្រាប់វិស័យប្រេងដូងរបស់ខ្លួន ដែលជាប្រភពសំខាន់នៃប្រាក់ចំណូលនាំចេញរបស់ម៉ាឡេស៊ី។

ម៉ាឡេស៊ី គឺជាប្រទេសនាំចេញប្រេងធំជាងគេទីពីរ ក្នុងពិភពលោកបន្ទាប់ពីឥណ្ឌូណេស៊ី។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ដោយដកស្រង់សម្ដីលោក Fadillah Yusof រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មដំណាំ និងទំនិញម៉ាឡេស៊ីបាន ខណៈថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «(ច្បាប់) នេះអយុត្តិធម៌ និងបម្រើជាចម្បងដើម្បីការពារទីផ្សារប្រេង ក្នុងស្រុកដែលមិនមានប្រសិទ្ធភាព និងមិនអាចប្រកួតប្រជែងបានជាមួយនឹងការនាំចេញប្រេងដូងប្រកបដោយប្រសិទ្ធភាព និងផលិតភាពរបស់ម៉ាឡេស៊ី»

លោកមានប្រសាសន៍ថា ម៉ាឡេស៊ីកំពុងធ្វើការជាមួយប្រទេសឥណ្ឌូណេស៊ី ដើម្បីពិចារណាលើការឆ្លើយតបដ៏សមស្របមួយទៅនឹងច្បាប់នេះ ដោយលោកបានបន្ថែមថា ម៉ាឡេស៊ីនៅតែបើកចំហរក្នុងការពិភាក្សាជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយកង្វល់ជុំវិញបទប្បញ្ញត្តិនេះ។

ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ច្បាប់នេះនឹងប៉ះពាល់ដល់កសិករតូចៗ ដោយសារពួកគេនឹងមិនអាចឆ្លើយតប បានទៅនឹងការចំណាយលើអនុលោមតាមច្បាប់នេះបានទេ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕