(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះថ្លៃ រយៈពេលបីថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃសុក្រ ហើយអាចធ្លាក់ចុះបន្ថែមទៀត ខណៈការធ្លាក់ចុះទិន្នន័យសេដ្ឋកិច្ច និងការកើនឡើងស្តុកប្រេងនៅអាមេរិក បានបង្កើនក្តីបារម្ភអំពីការដើរថយក្រោយនៃសេដ្ឋកិច្ច និងថយចុះតម្រូវការប្រេងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ ការចែកចាយនៅខែមិថុនាបានធ្លាក់ថ្លៃ ១៣សេន ឬ ០,២ភាគរយមកនៅត្រឹម ៨០,៩៧ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែមិថុនាបានធ្លាក់ចុះថ្លៃ ៩សេន ឬ ០,១ភាគរយ មកនៅត្រឹម ៧៧,២៨ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍ ប្រេងទាំងពីរប្រភេទនេះបានធ្លាក់ចុះថ្លៃជាង ២ភាគរយដល់កម្រិតទាបបំផុត គិតចាប់តាំងពីចុងខែមីនាមក ក្នុងគ្រាដែលមានការភ័យខ្លាចថា មានការដើរថយក្រោយនៃសេដ្ឋកិច្ច។

លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading ដែលចំណុះឱ្យក្រុមហ៊ុន Nissan Securities ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «អារម្មណ៍ទីផ្សារនៅតែធ្លាក់ចុះបន្ទាប់ពីទិន្នន័យសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកបង្ហាញភាពទន់ខ្សោយ រួមជាមួយនឹងការរំពឹងទុកពីការដំឡើងអត្រាការប្រាក់ ដែលជំរុញឱ្យមានការព្រួយបារម្ភ អំពីការដើរថយក្រោយនៃសេដ្ឋកិច្ច ដែលអាចរារាំងតម្រូវការប្រេង»

លោក Kikukawa បានបន្ថែមថា៖ «ប្រេងឆៅប្រភេទ WTI ត្រូវបានរំពឹងថានឹងជួញដូរក្នុងតម្លៃចន្លោះពី ៧៥ ទៅ ៨០ដុល្លារនៅសប្តាហ៍ក្រោយ ខណៈដែលវិនិយោគិនព្យាយាមវិភាគថាតើតម្រូវការប្រេងសាំងរបស់សហរដ្ឋអាមេរិកនឹងកើនឡើងឆ្ពោះទៅរករដូវកាលបើកបរច្រើននៅរដូវក្តៅ និងថាតើតម្រូវការប្រេងរបស់ប្រទេសចិនពិតជានឹងកើនឡើងនៅក្នុងឆមាសទីពីរឆ្នាំនេះដែរឬយ៉ាងណា»