(ភ្នំពេញ)៖ កម្ពុជាកំពុងតែពិភាក្សា ជាមួយនឹងភាគីប្រទេសបារាំង ពីការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំងមកប្រទេសកម្ពុជា និងការនាំចេញផ្លែស្វាយស្រស់ ពីប្រទេសកម្ពុជា ទៅប្រទេសបារាំងវិញ។

ការពិភាក្សានេះធ្វើឡើងរវាងបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយលោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Emmanuel Ly-Batallan ទីប្រឹក្សាសេដ្ឋកិច្ច និងលោកស្រី តូ ម៉ាលីនដា អនុព័ន្ធនៃការិយាល័យសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។

លោកស្រី Marion Chaminade បានស្នើសុំឲ្យអគ្គនាយកដ្ឋានកសិកម្ម បង្ហាញអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសកម្ពុជា និងលក្ខខណ្ឌចាំបាច់ផ្សេងទៀត ដែលត្រូវបំពេញ ដើម្បីអាចនាំចូលផ្លែប៉ោមស្រស់ មកពីប្រទេសបារាំងបាន។

បន្ថែមពីការពន្យល់អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ, លោក ងិន ឆាយ បានស្នើឲ្យមានកិច្ចប្រជុំមួយដាច់ដោយឡែក ជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីពិភាក្សាលម្អិតបន្ថែម អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀត ដែលត្រូវបំពេញមុនទទួលបានការអនុញ្ញាតនាំចូល។

លោកស្រី Marion Chaminade សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចរៀបចំឡើងឲ្យបានឆាប់រហ័ស និងមានការចែករំលែកព័ត៌មានឲ្យបានល្អ និងទាន់ពេលវេលា ហើយលោកស្រីនឹងអនុវត្តតាមអនុសាសន៍ ការណែនាំបន្ថែមរបស់កម្ពុជា ដើម្បីឲ្យដំណើរការនាំចូលផ្លែប៉ោមស្រស់ពីប្រទេសបារាំង មកប្រទេសកម្ពុជាអាចសម្រេចបាន ក្នុងពេលដ៏ខ្លីខាងមុខ។

ចំពោះការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជា ទៅប្រទេសបារាំង អគ្គនាយកដ្ឋានកសិកម្ម មានបំណងពង្រីកវិសាលភាព នៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារអឺរ៉ុប ដូចនេះលោក ងិន ឆាយ បានស្នើឲ្យលោកស្រី Marion Chaminade បញ្ជាក់អំពីលក្ខខណ្ឌដែលត្រូវបំពេញ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសបារាំង។

ឆ្លើយតបទៅនឹងសំណើនេះ លោកស្រីបានពន្យល់ដោយសង្ខេបថា ការនាំចេញកសិផលទៅកាន់ប្រទេសបារាំង គឺដំណើរការតាមនីតិវិធីដូចគ្នា ទៅនឹងប្រទេសផ្សេងទៀត ហើយដើម្បីអាចនាំចេញ ទៅកាន់ទីផ្សារនៅប្រទេសបារាំង បានកសិផលទាំងនោះ ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានា ពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម មានវិញ្ញាបនប័ត្រភូតគាមអនាម័យ មានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា និងសេចក្តីជូនដំណឹង ស្តីពីការពុំមានអនុលោមភាព តាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត) ជាដើ​ម៕