(ព្រុចសែល)៖ សភាអឺរ៉ុបកាលពីថ្ងៃពុធបានអនុម័តច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើដើម្បីហាមឃាត់ការនាំចូលកាហ្វេ សាច់គោ សណ្តែកសៀង និងទំនិញផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប ប្រសិនបើទំនិញទាំងនេះមានការពាក់ព័ន្ធនឹងការបំផ្លាញព្រៃឈើរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុនដែលលក់ទំនិញទៅកាន់សហភាពអឺរ៉ុបចេញសេចក្តីថ្លែងការណ៍អំពីការត្រួតពិនិត្យនិងវិភាគដ៏ត្រឹមត្រូវ (due diligence) និងព័ត៌មាន «ដែលអាចផ្ទៀងផ្ទាត់បាន» ដែលបង្ហាញថា ទំនិញរបស់ពួកគេមិនត្រូវបានដាំដុះនៅលើដីដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ២០២០ បើមិនដូច្នេះទេនឹងប្រឈមនឹងការផាកពិន័យយ៉ាងច្រើន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ច្បាប់នេះមានគោលបំណងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើពីខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រចាំថ្ងៃជាច្រើនដែលលក់នៅអឺរ៉ុប។ ច្បាប់នេះនឹងអនុវត្តចំពោះសណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ កាហ្វេ កៅស៊ូ ធ្យូង និងផលិតផលដែលបំប្លែងផ្សេងទៀតរួមទាំងស្បែកសត្វ សូកូឡា និងគ្រឿងសង្ហារឹមជាដើម។

ការកាប់បំផ្លាញព្រៃឈើមានចំណែកប្រហែល ១០% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ ហើយច្បាប់នេះមានគោលបំណងដោះស្រាយការរួមចំណែករបស់សហភាពអឺរ៉ុបចំពោះបញ្ហានេះ។

ច្បាប់នេះមិនកំណត់គោលដៅលើប្រទេសណាមួយទេ ប៉ុន្តែបានប្រឈមនឹងប្រតិកម្មពីប្រទេសដែលនឹងស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានចោទប្រកាន់សហភាពអឺរ៉ុបថា បានបិទច្រកចូលទីផ្សារសម្រាប់ប្រេងដូងរបស់ពួកគេ។ សហភាពអឺរ៉ុបគឺជាប្រទេសនាំចូលប្រេងដូងធំជាងគេទីបីរបស់ពិភពលោក។

ម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួនអាចបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងច្បាប់នេះ ខណៈដែលប្រទេសផលិតប្រេងដូងតូចៗព្រមានថា ពួកគេមិនអាចអនុវត្តតាមលក្ខខណ្ឌតម្រូវរបស់អឺរ៉ុបដែលត្រូវបញ្ជាក់ថាតើទំនិញត្រូវបានផលិតនៅពេលណា និងនៅទីកន្លែងណា ដោយប្រើទិន្នន័យកំណត់ទីតាំងភូមិសាស្ត្រច្បាស់លាស់នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕