(ម៉ូស្គូ)៖ រហូតមកដល់ពេលនេះក្នុងខែមេសា ប្រទេសឥណ្ឌា និងចិនបានសម្រុកទិញប្រេងរុស្ស៊ី ក្នុងតម្លៃខ្ពស់ជាងតម្លៃ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែលត្រូវបានកំណត់ដោយប្រទេសលោកខាងលិច នេះបើយោងតាមពាណិជ្ជករប្រេង និងការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នោះមានន័យថា វិមានក្រឹមឡាំងកំពុងទទួលបានប្រាក់ចំណូលកាន់តែច្រើន បើទោះជាប្រទេសលោកខាងលិចព្យាយាមទប់ស្កាត់លំហូរមូលនិធិសម្រាប់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។

ប្រភពពីក្រុមប្រទេស G7 បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ការកំណត់តម្លៃប្រេងដោយប្រទេសលោកខាងលិចនឹងនៅតែមិនផ្លាស់ប្តូរនៅពេលនេះ បើទោះបីជាមានសម្ពាធពីបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួនដូចជាប្រទេសប៉ូឡូញឱ្យបន្ទាបការកំណត់តម្លៃប្រេងឆៅរុស្ស៊ីដើម្បីបង្កើនសម្ពាធលើទីក្រុងម៉ូស្គូក៏ដោយ។

ក្រុមអ្នកចង់ឱ្យមានការកំណត់តម្លៃនេះបាននិយាយថា ការកំណត់តម្លៃប្រេងជួយកាត់បន្ថយប្រាក់ចំណូលសម្រាប់ប្រទេសរុស្ស៊ី ខណៈពេលដែលអនុញ្ញាតឱ្យមានលំហូរប្រេង ប៉ុន្តែភាគីជំទាស់ម្ខាងទៀតនិយាយថា វិធានការនេះនៅទន់ភ្លន់ពេកក្នុងការបង្ខំឱ្យរុស្ស៊ីដកថយសកម្មភាពរបស់ខ្លួនពីប្រទេសអ៊ុយក្រែន។

ទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយក្រុមហ៊ុនប្រមូលទិន្នន័យ Refinitiv Eikon បានបង្ហាញថា កប៉ាល់ដឹកប្រេងប្រភេទ Urals របស់រុស្ស៊ីដែលបានផ្ទុកនៅក្នុងរយៈពេល ២សប្តាហ៍ដំបូងនៃខែមេសា ភាគច្រើនកំពុងធ្វើដំណើរទៅកាន់កំពង់ផែរបស់ឥណ្ឌា និងចិន។

យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឥណ្ឌាទិញប្រេងច្រើនជាង ៧០ភាគរយនៃការផ្គត់ផ្គង់ប្រេងតាមសមុទ្រសម្រាប់ប្រេងប្រភេទ Urals គិតមកដល់ពេលនេះក្នុងខែនេះ ហើយប្រទេសចិនទិញប្រហែល 20 ភាគរយ។

ប្រទេសឥណ្ឌា និងចិនមិនបានយល់ព្រមគោរពតាមការកំណត់តម្លៃប្រេងរុស្ស៊ីទេ ប៉ុន្តែប្រទេសលោកខាងលិចសង្ឃឹមថា ការគំរាមកំហែងដាក់ទណ្ឌកម្មអាចរារាំងពាណិជ្ជករពីការជួយប្រទេសទាំងនោះទិញប្រេងក្នុងតម្លៃខ្ពស់ជាងតម្លៃកំណត់៕