(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែមីនា កម្ពុជាទទួលបានចំណូលជិត៩០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៣ខែនេះមានចំនួន ៨៩ ០៧៥ ៨៣៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ៤៨០ ២៦១ដុល្លារ។

ក្នុងត្រីមាសទី១ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ ១ ៣៥១ដុល្លារក្នុង១តោន ថយចុះចំនួន ២៤៣ដុល្លារក្នុងមួយតោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះមានតម្លៃ ១៨៣ដុល្លារក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕