(ភ្នំពេញ)៖ លោក​ តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណ:កម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំវាយតម្លៃលើពូជដង្កូវនាងប្រភេទថ្មី ដែលទើបបង្កាត់ថ្មី​ មុននឹងបញ្ចេញ និងផ្សព្វផ្សាយឱ្យកសិករប្រើប្រាស់នាពេលខាងមុន។

ក្នុងកិច្ចប្រជុំនេះគណ:កម្មាធិការបញ្ចេញប្រភេទពូជដង្កូវនាង បានពិនិត្យ និងពិភាក្សាវាយតម្លៃលើប្រភេទពូជដង្កូវនាង ដែលបង្កាត់ថ្មីដោយអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ហៅថា កូពារ (KOPIA)។

ពូជដង្កូវនាងថ្មីនេះ ​ត្រូវបានគណ:កម្មាធិការបញ្ចេញពូជដង្កូវនាងស្នើដាក់ឈ្មោះថា «នាងសូត្រស» ដោយហេតុថា ពូជដង្កូវនាងនេះ មានសសៃសូត្រពណ៌ស ផ្តល់ទិន្នផលសូត្រខ្ពស់ជាងពូជក្នុងស្រុក មានលក្ខណៈសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថាននៅប្រទេសកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ ពូជដង្កូវនាងដែលទើបបង្កាត់ថ្មីនេះ មានគុណភាពល្អ ស្របទៅនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុនិងសមាសភាពចង្រៃ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ផ្សព្វផ្សាយជូនដល់កសិករ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ៕