(សៀមរាប)៖ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៩២% ត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា​ ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំប្រតិបត្តិការ​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមួយក្រុមហ៊ុនរៀបចំប្រតិបត្តិការ ដែលដឹកនាំដោយលោក ZOU YUHUI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Air investment Cambodia Airport management (YACA)។

ជាមួយគ្នានេះ ដំណើការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានក៏សម្រេចបាន ៣៨សកម្មភាព ក្នុងចំណោមសកម្មភាពសរុបចំនួ៧៩ នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើការដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការ តាមរយៈសជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ ក្រុមហ៊ុនរៀបចំប្រតិបត្តិការ បានប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សកម្មភាពដែលនៅេសសសល់ឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅសម្រេច ដាក់ឱ្យដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ ឆាប់ៗនេះ។

លោក តឹករ៉េត សំរេច បានថ្លែងយ៉ាងដូច្នេះថា «ពួកយើងបានឆ្លងកាត់ និងដោះស្រាយនូវការងារជាច្រើន ដើម្បីសម្រេចលទ្ធផលនាពេលនេះ ហើយលទ្ធផលទាំងនេះកើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ជាមួយនឹងការជ្រោមជ្រែង​ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់»

ឆ្លៀតឱកាសនោះ លោកបានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានគាំទ្រចំពោះគម្រោងដ៏ធំនេះ។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ អនុវត្តន៍ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។ ជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់ជាមួយបចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ៕