(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា លោកចង់ឃើញអ្នកមានធនធាន ចូលរួមវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ដោយកាត់បន្ថយការវិនិយោគ ទៅលើវិស័យអចលនទ្រព្យ ដើម្បីឲ្យការជួញដូរប្រចាំថ្ងៃកើនដល់ ១០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០។

លោក ហុង សុហួរ បានអះអាងថា បច្ចុប្បន្ននេះមានអ្នកមានធនធាន បានកប់ថវិកាទៅលើវិស័យអចលនទ្រព្យច្រើនណាស់។ «ដកតែ ៣ ទៅ ៤ភាគរយ ពីការវិនិយោគវិស័យអចលនទ្រព្យក៏បាន»។ នេះជាការអំពាវនាវរបស់លោក ហុង សុហួរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្នុងកម្មវិធីរ៉ូដសូ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង​ (IPO) របស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

លោក ហុង សុហួរ បានឲ្យដឹងទៀតថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជី ចំនួន១៨ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និង ៩ទៀត បានចុះបញ្ជីជាសញ្ញបណ្ណ។ លោកបន្តថា ក្រុមហ៊ុនទាំង១៨ បានកៀរគរទុនពីទីផ្សារមូលបត្រ ៣១៧លានដុល្លារអាមេរិក។

លោកអគ្គនាយកបានបន្ថែមថា ទំហំនៃការជួញដូរក្នុងផ្សារមូលបត្រ ប្រចាំថ្ងៃជាមធ្យម ក្នុងឆ្នាំ២០២២ បានកើនឡើងដល់ជាង ៥០០,០០០ដុល្លារអាមេរិក តែចំនួននេះបើធៀបជាមួយស្រុកគេ នៅកម្រិតទាបខ្លាំងណាស់ ពោលបើធៀបជាមួយស្រុកថៃ គេមានទំហំជិត ២,០០០លានដុល្លារ។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំ២០១៧ ការជួញដូរប្រចាំថ្ងៃ នៅផ្សារមូលបត្រកម្ពុជា មានតែ ១៥,០០០ដុល្លារ តែប៉ុណ្ណោះ មានន័យថា បានកើនឡើងជាង ៣០ដងឯណោះ។

លោកបន្តដែរថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានវិនិយោគិន ៣៨,០០០នាក់ (ឬគណនី) ត្រូវបានបើក ហើយរំពឹងថា នឹងកើនឡើងដល់ ៥០,០០០គណនី នៅចុងឆ្នាំ២០២៣។ គេឃើញថាទៀតថា សកម្មភាពជួញដូរកាន់តែសកម្ម ពោលនៅឆ្នាំ២០១៧ ជាមធ្យមប្រចាំថ្ងៃ មានអ្នកដាក់បញ្ជាទិញលក់ មិនដល់ ​១០០នាក់ទេ តែក្នុងឆ្នាំ២០២២ អ្នកដាក់បញ្ជាទិញប្រចាំថ្ងៃ មានរហូតដល់ទៅ ១០០០នាក់។ ជាមួយគ្នានេះ ដើមឆ្នាំ២០២៣ អ្នកដាក់បញ្ជាទិញដូរប្រចាំថ្ងៃ កើនដល់ ៣០០០នាក់ហើយ។ ជាមួយនឹងការវិវត្តទាំងអស់នេះ លោករំពឹងថា នឹងអាចសម្រេចក្តីស្រមៃ ទំហំនៃការជួញដូរប្រចាំថ្ងៃ ដល់ ១០០លានដុល្លារ ក្នុងឆ្នាំ២០៣០ ក្នុងផ្សារមូលបត្រកម្ពុជា។

សូមជម្រាបថា ក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការ ក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេល ក្រុមហ៊ុនកំពុងតែសន្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។

នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួន ក្នុងការឈរលើវិស័យអប់រំ មួយនេះដដែល ដោយបច្ចុប្បន្ន ក្រុមហ៊ុន មានសាខាសរុប ចំនួន១៥ ក្នុងរាជធានី ខេត្ត ក្រុង មានសិស្សជាង ២០ ០០០នាក់ បុគ្គលិក ២ ១៤៩នាក់ និងមានអតីតសិស្សជាង ៥០ ០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុន នឹងបើកដំណើរការសាខាថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម, សាខា តាកែវ និងសាខាបាត់ដំបង។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា បន្ទាប់ពីនិយ័តករមូលបត្រកម្ពុបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើរស្នើសុំដាក់ពាក្យ ចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានឃើញពីវិសាលភាពការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានឯកភាពលើសំណើដាក់តម្លៃ ២០៨០រៀល ក្នុងមួយភាគហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

អ្នកឧកញ៉ាបានបន្តថា កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។ បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍ លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការ លើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ បានអះអាងថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាក្រុមហ៊ុនដ៏ល្អមួយ ហើយលោកចង់ឃើញក្រុមហ៊ុនល្អៗបែបនេះ ឡើងផ្សារមូលបត្រកម្ពុជា។ ការឡើងផ្សារមូលបត្រកម្ពុជា របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាមោទនភាពរបស់វិស័យមូលបត្រកម្ពុជា។

«ឡើងផ្សារមូលបត្របាន គឺជាក្រុមហ៊ុនមួយ ដែលទទួលបាននូវទំនុកចិត្តពីអ្នកពាក់ព័ន្ធ»។ នេះបើតាមលោក ស៊ូ សុជាតិ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ ចង់លក់ភាគហ៊ុន ៥.៩% ហើយសង្ឃឹមថានឹងប្រមូលថវិកា ១០លានដុល្លារអាមេរិក ដើម្បីពង្រីកស្ថាប័នអប់រំរបស់ខ្លួន និងជាការរួមចំណែកអភិវឌ្ឍវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ។ ការធានាភាគលាភគឺ ៦% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលពីរឆ្នាំដំបូង៕