(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន២ បានសម្រេចបោះទុនវិនិយោគលើកោះចំនួន២ នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបជិត ៤០លានដុល្លារសហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១៖ DEN NOKOR (CAMBODIA) INVESTMENT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។

ទី២៖ G.T.V.C IMPORT EXPORT CO., LTD របស់ឧកញ៉ា ទៀ វិចិត្រ វិនិយោគគម្រោងអភិវឌ្ឍន៍ «កោះមួយ» ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន៤៩កន្លែង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងថា «ការផ្ដល់ឲ្យមានការវិនិយោគលើកោះនេះ សម្រាប់យើងខ្ញុំជាប្រតិបត្ដិករទេសចរណ៍ គឺមានការសាទរចំពោះការផ្ដល់ និងការវិនិយោគ ព្រោះថា នៅក្នុងប្រទេសកម្ពុជា សំបូរទៅដោយធនធានធម្មជាតិជាច្រើន ប៉ុន្ដែនៅខ្វះសេវាកម្ម»។

លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងទៀតថា ការវិនិយោគនៅលើកោះនេះ សុទ្ធសឹងតែចូលរួមចំណែក ក្នុងវិស័យទេសចរណ៍។ កាលណាមានសេវាកម្មច្រើន គឺមានផលិតផលទេសចរណ៍ច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកលេងកំសាន្ដកាន់តែច្រើន ជាពិសេសបង្កើនការងារជូនប្រជាពលរដ្ឋ នៅតាមតំបន់នោះ និងជួយដល់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

បន្ថែមពីនោះទៀត លោកស្រីបានលើកឡើងថា តំបន់កោះជាតំបន់ទេសចរណ៍ដែលស្អាត ដែលភ្ញៀវមានលទ្ធភាព គឺចង់ទៅតំបន់កោះច្រើន ហើយភ្ញៀវទេសចរក្នុងស្រុក ក៏យល់ដឹងអំពីតំបន់កោះច្រើនផងដែរ ហើយពួកគាត់ចូលចិត្ដទៅក៏ច្រើន ហើយភ្ញៀវទេសចរបរទេស កាន់តែចូលចិត្ដទៅលេងកំសាន្ដ នៅតំបន់កោះថែមទៀតផងដែរ»។

លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា បើមានការវិនិយោគច្រើន នៅលើតំបន់កោះ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរក្នុងស្រុក មិនឲ្យទៅកាន់ក្រៅប្រទេសច្រើនពេក ដើម្បីកុំឲ្យហូរចេញនូវការចំណាយ រ​បស់ប្រជាពលរដ្ឋក្នុងស្រុក លើសពីនោះទៀត អាចទាក់ទាញភ្ញៀវទេសចរ នៅលើពិភពលោក មកកាន់កម្ពុជាកាន់តែច្រើន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានឲ្យដឹងថា ការវិនិយោគលើកោះ ពិតជាមានការជួយចូលរួមចំណែក ក្នុងការទាកទាញភ្ញៀវទេសចរ និងសេដ្ឋកិច្ចជាតិ ព្រោះថា ពីមុនមកតាមកោះនីមួយៗ មិនសូវមានការអភិវឌ្ឍន៍នោះទេ។

លោក ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំការអភិវឌ្ឍន៍ទៅតាមកោះនីមួយៗ ពិតជាជួយជំរុញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកកាន់តែច្រើនទៀត ហើយយើងនៅមានកោះជាច្រើនទៀត នៅក្នុងការអភិវឌ្ឍន៍»។

ទន្ទឹមគ្នានេះ លោក ធួន ស៊ីណាន ក៏បង្ហាញការព្រួយបារម្ភ ព្រោះថានាពេលកន្លងមក ឃើញថាមានកោះជាច្រើន ដែលក្រុមហ៊ុនឯកជន ឬក៏អ្នកវិនិយោគក្នុងស្រុក ទទួលបានការវិនិយោគហើយ ប៉ុន្ដែមិនមានសកម្មភាព ក្នុងការវិនិយោគ គឺទុកចោលដើម្បីលក់បន្ដ ដែលនេះជាឧបសគ្គមួយរបស់កម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ លោកសង្ឃឹមថា គ្រប់ក្រុមហ៊ុនដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគនៅលើកោះ គឺប្រឹងប្រែងធ្វើយ៉ាងណាឲ្យកោះនៅកម្ពុជា កាន់តែមានភាពទាកទាញ់ ពីព្រោះថា ការវិនិយោគនៅលើកោះនេះ គឺទទួលបានផលច្រើន ក្រៅពីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺជួយបង្កើនផលិតផលទេសចរណ៍, ជួយបង្កើននូវសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍៕