(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤។

លើសពីនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលការរៀបចំឥណទានឡើងវិញ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់ដៃគូទាំងពីរ។

ការសម្រេចនេះ ត្រូវបានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា «ដើម្បីបន្តរក្សានិរន្តរភាពការងារ ជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាព ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យបាន, រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការ បន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬ ស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៤»

សេចក្តីព័ត៌មានបន្ថែមទៀតថា «ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបន្ដលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី»

សូមជម្រាបថា កាលពីឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោមតម្លៃ៧ម៉ឺនដុល្លារ រយៈពេល១ឆ្នាំ ដល់ដំណាច់ឆ្នាំ២០២២ ប៉ុន្តែនៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តអនុគ្រោះ រហូតដល់ដំណាច់ឆ្នាំ២០២៤៕