(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសរបស់ចិនលោក Qin Gang បានឱ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអាឡឺម៉ង់លើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយប្រទេសទាំងពីរគឺជាដៃគូ មិនមែនជាសត្រូវនោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Qin ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីអល្លឺម៉ង់របស់លោកគឺលោកស្រី Annalena Baerbock ថា ការបង្កការរារាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រក្រតីនឹងមិនផ្តល់ផលចំណេញអ្វីឡើយ។

ដោយលើកឡើងពីស្ថានភាពជាមួយកោះតៃវ៉ាន់ លោក Qin បាននិយាយថា ប្រសិនបើប្រទេសនានាចង់គោរពគោលការណ៍ចិនតែមួយ នោះវិធានការដ៏ត្រឹមត្រូវគឺការប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់។

ថ្មីៗនេះ ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដោយនិយាយថា ពួកគេបានសាកល្បងសមត្ថភាពយោធាដែលមានលក្ខណៈរួមបញ្ចូលគ្នាស្ថិតក្រោមស្ថានភាពប្រយុទ្ធជាក់ស្តែង ដោយបានអនុវត្តការវាយប្រហារយ៉ាងជាក់លាក់ និងបិទកោះនេះដែលទីក្រុងប៉េកាំងចាត់ទុកថាជាដែនដីរបស់ខ្លួន។

ជុំវិញបញ្ហាអ៊ុយក្រែន លោក Qin បានថ្លែងថា ប្រទេសចិនមានឆន្ទៈបន្តធ្វើការដើម្បីសន្តិភាព ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធក្នុងវិបត្តិនេះនឹងនៅតែឈរលើការពិតជាក់ស្តែង និងរក្សភាពស្ងប់ស្ងាត់ ហើយធ្វើការជាមួយគ្នា៕