(ការ៉ាឈី)៖ អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលរបស់ប្រទេសប៉ាគីស្ថាននៅតែបន្តមាននិរន្តរភាព បន្ទាប់ពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ជាថ្មីថា ខ្លួនបានបំពេញតាមលក្ខខណ្ឌតម្រូវទាំងអស់ដើម្បីទទួលបានថវិកាសង្គ្រោះដ៏សំខាន់ពីមូលនិធិ IMF។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសប៉ាគីស្ថានមានប្រាក់បម្រុងរូបិយប័ណ្ណបរទេសសម្រាប់ប្រើប្រាស់តិចជាងរយៈពេលមួយខែ ហើយកំពុងរង់ចាំកញ្ចប់ថវិកាសង្គ្រោះចំនួន ១,១ពាន់លានដុល្លារពីមូលនិធិ IMF ដែលត្រូវបានពន្យារពេលចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកដោយសារបញ្ហាទាក់ទងនឹងការកែសម្រួលគោលនយោបាយសារពើពន្ធ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ថវិកានេះដែលអាចត្រូវបានបញ្ចេញបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្រិតបុគ្គលិក (SLA) គឺជាផ្នែកមួយនៃកញ្ចប់ថវិកាសង្គ្រោះចំនួន ៦,៥ពាន់លានដុល្លារដែល IMF បានអនុម័តក្នុងឆ្នាំ២០១៩ ដែលអ្នកវិភាគនិយាយថាមានសារៈសំខាន់សម្រាប់ប៉ាគីស្ថានក្នុងការបញ្ចៀសការក្ស័យធនសម្រាប់កាតព្វកិច្ចទូទាត់បំណុលបរទេស។

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសប៉ាគីស្ថានបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គនាយករងមូលនិធិ IMF លោកស្រី Antoinette Moniso Sayeh មានទំនុកចិត្តថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្រិតបុគ្គលិកក្នុងពេលឆាប់ៗនេះ។

នៅពេលសួរថាតើប្រទេសប៉ាគីស្ថានត្រូវធ្វើអ្វីខ្លះ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងស្ថានភាពបំណុលមិនមាននិរន្តរភាពដែលត្រូវបានប្រឈមដោយប្រទេសនានាដូចជាស្រីលង្កាជាដើមនោះ លោកស្រី Georgieva បានថ្លែងថា៖ «យើងមិនទាន់ទៅដល់ទីនោះនៅឡើយទេ ហើយជាការប្រសើរកុំឱ្យវាទៅដល់ស្ថានភាពនោះ»