(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Krishna Srinivasan បាnនឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្តាលរបស់ប្រទេសក្នុងតំបន់អាស៊ី អាចត្រូវរក្សាគោលនយោបាយរូបិយវត្ថុ «កាន់តែតឹងរ៉ឹងក្នុងរយៈពេលកាន់តែយូរ» ដើម្បីទប់ទល់នឹងហានិភ័យអតិផរណាដែលនៅកើតមានខ្លាំងនៅឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារកណ្តាលមួយចំនួននៅក្នុងតំបន់ ដូចជាធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលី បានចាប់ផ្តើមផ្អាកការដំឡើងអត្រាការប្រាក់ ខណៈដែលពួកគេបានមើលឃើញថា សេដ្ឋកិច្ច និងកំណើនការងារបានធ្លាក់ចុះដោយសារផលប៉ះពាល់នៃវិបត្តិសកល និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុកន្លងមក។

លោក Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិកនៃមូលនិធិ IMF ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «អតិផរណាស្នូល (មិនរាប់បញ្ចូលអាហារនិងប្រេងឥន្ធនៈ) នៅតែខ្ពស់នៅឡើយ ហើយបានក្លាយជាកត្តាជំរុញកាន់តែសំខាន់នៃអតិផរណាហ៊េដឡាញ (រាប់បញ្ចូលអាហារនិងប្រេងឥន្ធនៈ) នាពេលថ្មីៗនេះ ដែលអាចនាំឱ្យមានអតិផរណាកាន់តែរ៉ារ៉ៃ និងសម្ពាធប្រាក់ឈ្នួល»។

លោកបានមានប្រសាសន៍ថា៖ «គម្លាតទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីកំពុងត្រូវបានបិទភ្ជិត ឬបានបិទភ្ជិតរួចហើយ ហើយការធ្លាក់ថ្លៃរូបិយប័ណ្ណកាលពីឆ្នាំមុននៅតែកំពុងមានឥទ្ធិពលទៅលើតម្លៃទំនិញក្នុងស្រុកនៅឡើយ។ កត្តាទាំងនេះបង្ហាញថា ការប្រយុទ្ធប្រឆាំងក្នុងការទប់ស្កាត់អតិផរណាមិនទាន់ចប់នៅឡើយទេ»។

លោក Srinivasan បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ខណៈពេលដែលចក្ខុវិស័យសកលនៅតែអាប់អួរ ការបើកប្រទេសឡើងវិញរបស់ប្រទេសចិននឹងគាំទ្រដល់សេដ្ឋកិច្ចរបស់អាស៊ីតាមរយៈការកើនឡើងពាណិជ្ជកម្ម និងការប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕