(ញូវយ៉ក)៖ ក្រុមសេដ្ឋវិទូមកពីក្រុមហ៊ុន Morgan Stanley បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាចកើនលើសប្រទេសអភិវឌ្ឍន៍ចំនួន ៥ភាគរយនៅដំណាច់ឆ្នាំ២០២៣ ដែលជំរុញដោយការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដរបស់ចិន តម្រូវការក្នុងស្រុកដ៏រឹងមាំ និងអត្រាការប្រាក់មិនសូវរឹតបន្តឹង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់កំណត់សម្គាល់ដែលសរសេរដោយក្រុមសេដ្ឋវិទូនៃក្រុមហ៊ុន Morgan Stanley (MS) Asia ដែលដឹកនាំដោយលោក Chetan Ahya ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារថា ភាពតានតឹងផ្នែកធនាគារនាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក និងអឺរ៉ុបជួយឱ្យអាស៊ីមានការប្រុងប្រយ័ត្ន ដែលនឹងទទួលបានលទ្ធផលល្អប្រសើរជាង។

លោក Ahya បានសរសេរថា៖ «ស្ដង់ដារនៃការផ្តល់ប្រាក់កម្ចីនឹងត្រូវបានរឹតបន្តឹងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយនឹងដាក់បន្ទុកលើតម្រូវការក្នុងស្រុក»។

លោកបន្ថែមថា៖ «បើទោះជាករណីនេះនឹងរីករាលដាល់មកកាន់អាស៊ីក្នុងទម្រង់ជាការប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃតម្រូវការខាងក្រៅក៏ដោយ ក៏យើងគិតថា អាស៊ីនឹងនៅតែអាចបង្កើតតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ... ដើម្បីបន្តឱ្យមានកំណើនផ្សេងៗងាកមករកអាស៊ី»។

ក្រុមហ៊ុន MS កត់សំគាល់ថា កំណើន ៥ភាគរយខ្ពស់ជាងប្រទេសអភិវឌ្ឍន៍នឹងជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារ MS បានឱ្យដឹងទៀតថា ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអ៊ឺរ៉ុបបានដំឡើងអត្រាការប្រាក់ ៤៧៥ពិន្ទុមូលដ្ឋាន (៤,៧៥ភាគរយ) និង ៣៥០ពិន្ទុមូលដ្ឋាន (៣,៥ភាគរយ) រៀងគ្នាក្នុងគោលបំណងទប់ស្កាត់កំណើនអតិផរណា ប៉ុន្តែវដ្តនៃការដំឡើងអត្រាការប្រាក់នៅអាស៊ីត្រូវមិនខ្លាំងក្លាទេ។

ក្រុមហ៊ុន MS បានបន្ថែមថា លើសពីនេះទៀត ការបើកដំណើរប្រទេសឡើងវិញរបស់ប្រទេសចិនបានផ្តល់អត្ថប្រយោជន៍ដល់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំៗចំនួនបីផ្សេងទៀតរបស់អាស៊ី គឺជប៉ុន ឥណ្ឌា និងឥណ្ឌូនេស៊ី សុទ្ធតែមានកត្តាជំរុញសេដ្ឋកិច្ចជាក់លាក់ដែលជំរុញតម្រូវការក្នុងស្រុក៕