(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃអង្គារថា ភាពងាយរងគ្រោះនៃប្រព័ន្ធហិរញ្ញវត្ថុអាចផ្ទុះឡើងទៅជាវិបត្តិថ្មីមួយ និងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ប៉ុន្តែបានជំរុញឱ្យប្រទេសសមាជិកបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់ដ៏រ៉ាំរ៉ៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការព្រមាននេះបានបង្កើតជាដំណឹងដ៏អាក្រក់មួយសម្រាប់កិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិ IMF និងធនាគារពិភពលោក (WB) នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។

មូលនិធិ IMF កាលពីថ្ងៃអង្គារបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣ របស់ខ្លួន ដែលការព្យាករនេះធ្វើឡើងដោយមិនរាបប់បញ្ចូលភាពចលាចលនៃប្រព័ន្ធហិរញ្ញវត្ថុបន្ទាប់ពីដួលរលំធនាគារ Silicon Valley Bank និងធនាការ Signature Bank នៅសហរដ្ឋអាមេរិក និងការលក់ធនាគារ Credit Suisse ដោយបង្ខំនៅប្រទេសស៊្វីស។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ថា កំណើនផលិតផលក្នុងស្រុកសរុបពិតត្រូវបានព្យាករថានឹងមានអត្រា ២,៨ភាគរយក្នុងឆ្នាំ២០២៣ និង ៣ភាគរយនៅឆ្នាំ២០២៤ ពោលគឺជាទាបជាងការព្យាករក្នុងខែមករា ០,១ភាគរយសម្រាប់ឆ្នាំនីមួយៗ។ សេដ្ឋកិច្ចពិភពលោកបានកើនឡើង ៣,៤ភាគរយនៅឆ្នាំ២០២២។

ការទម្លាក់ការព្យាករនេះបានឆ្លុះបញ្ចាំងពីដំណើរការកាន់តែមិនល្អនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំមួយចំនួនដូចជា ប្រទេសជប៉ុន អាល្លឺម៉ង់ ឥណ្ឌា និងប្រេស៊ីល ដែលប៉ះប៉ូវដោយលទ្ធផលសេដ្ឋកិច្ចរឹងមាំជាងនេះនៅសហរដ្ឋអាមេរិក និងការថមថយតិចតួចនៅចក្រភពអង់គ្លេស។ មូលនិធិ IMF ក៏បានលើកឡើងពីការរំពឹងទុកថានឹងមានស្ថានភាពហិរញ្ញវត្ថុកាន់តែតឹងតែងផងដែរនៅឆ្នាំនេះ។

ប៉ុន្តែការព្យាកររបស់ IMF បានគ្របដណ្ដប់ដោយហានិភ័យធ្លាក់ចុះនានា រួមទាំងអតិផរណាកាន់តែខ្ពស់ ការកើនឡើងកាន់តែខ្លាំងនៃសង្រ្គាមនៅអ៊ុយក្រែន និងសេណារីយោអវិជ្ជមានធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុថ្មី ដែលអាចជំរុញឱ្យមានការធ្លាក់ចុះខ្លាំងក្នុងការផ្តល់ប្រាក់កម្ចី និងការចំណាយគ្រួសារ និងការប្រញាប់ប្រញាល់ងាកទៅរកទ្រព្យសុវត្ថិភាពនានា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕