(វ៉ាស៊ីនតោន)៖ លោក David Malpass ប្រធានធនាគារពិភពលោក (WB) បានឱ្យដឹងថា ប្រទេសជាសមាជិករបស់ធនាគារ WB បានអនុម័តវិធានការមួយចំនួនដែលអនុញ្ញាតឱ្យបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីរហូតដល់ ៥០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការអនុម័តនេះដែលត្រូវបានប្រកាសក្នុងអំឡុងកិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារ WB នៅទីក្រុងវ៉ាស៊ីនតោន គឺជាផ្នែកមួយនៃការវិវត្តន៍ជាបន្តបន្ទាប់របស់ស្ថាប័នផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍មួយនេះក្នុងគ្រាដែលមានការជំរុញឱ្យធនាគារនេះឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនានា ដូចជាការប្រែប្រួលអាកាសធាតុជាដើម។

កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានជំរុញឱ្យធនាគារ WB បន្តចាត់វិធានការកំណែទម្រង់បន្ថែមនៅឆ្នាំនេះ។

លោកស្រី Yellen បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលមួយស្តីពីការវិវត្តរបស់ធនាគារអភិវឌ្ឍន៍ពហុភាគីថា៖ «យើងគួរតែប្រើរយៈពេលដែលនៅសល់នៃឆ្នាំនេះដើម្បីធ្វើកំណែទម្រង់បន្ថែមតាមរយៈវិធីសាស្រ្តអនុវត្តជាដំណាក់កាល»។

សហរដ្ឋអាមេរិកគឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ធនាគារពិភពលោកគ្រុប (World Bank Group)។

លោក Malpass ដែលបានប្រកាសលាលែងពីតំណែងកាលពីខែកុម្ភៈបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា ការពិភាក្សាជាមួយម្ចាស់ភាគហ៊ុនក្នុងសប្តាហ៍នេះ «បានផ្តល់នូវសញ្ញាវឌ្ឍនភាព» លើបញ្ហានានា រួមទាំងតម្រូវការតម្លាភាពបំណុលកាន់តែច្រើន ហិរញ្ញវត្ថុអភិវឌ្ឍន៍បន្ថែមទៀត និងសកម្មភាពអាកាសធាតុដែលមានលទ្ធផលបន្ថែមទៀត។

ដោយសំដៅលើអង្គភាពផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យមរបស់ធនាគារ WB ពោលគឺជាធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ (the International Bank for Reconstruction and Development) លោកបានបន្ថែមថា៖ «បណ្តាប្រទេសសមាជិករបស់យើងបានអនុម័តវិធានការដែលអាចបន្ថែមសមត្ថភាពដល់ IBRD ក្នុងការផ្តល់ប្រាក់កម្ចីរហូតដល់ទៅ ៥០ពាន់លានដុល្លារក្នុងរយៈពេលដប់ឆ្នាំខាងមុខ»។

លោក Malpass បាននិយាយថា មានការទទួលស្គាល់យ៉ាងពេញលេញអំពីសារៈសំខាន់នៃធនធានសម្បទាន និងការវិនិយោគពីវិស័យឯកជន។

ដោយសមត្ថភាពផ្តល់ហិរញ្ញប្បទាន «មានកម្រិតទាបជាងខ្លាំងធៀបនឹងធនធានដែលត្រូវការ សម្រាប់ការអភិវឌ្ឍ និងអាកាសធាតុ» លោក Malpass បានសង្កត់ធ្ងន់ថា ការដោះស្រាយតម្រូវការទាំងនេះនឹងតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕