(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២ ៣០២.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥៦៤.១លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥.២% ធៀបនឹងចំណូលប្រមូលបាន ក្នុងត្រីមាសទី១ ឆ្នាំ២០២២។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទី១ ឆ្នាំ២០២៣ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលត្រូវបានរៀបចំតាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២ ៣០២.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៥៦៤.១លានដុល្លារអាមេរិក) ថយចុះប្រមាណ៥.២% ធៀបនឹងចំណូលប្រមូលបាន ក្នុងត្រីមាសទី១ ឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ២០.៥% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើពិនិត្យចំណូលតាមប្រភេទពន្ធ និងអាករ និងតាមក្រុមទំនិញ គឺមានលទ្ធផលដូចខាងក្រោម៖
* តាមប្រភេទពន្ធនិងអាករ
- អាករលើតម្លៃបន្ថែមមានចំនួន ៩៤៩.៨ ប៊ីលានរៀល ត្រូវជា៤១.២% នៃចំណូលសរុប
- អាករពិសេសមានចំនួន ៧៥២.២ ប៊ីលានរៀល ត្រូវជា៣២.៧% នៃចំណូលសរុប
- ពន្ធគយមានចំនួន ៤៥៩.៥ ប៊ីលានរៀល ត្រូវជា២០% នៃចំណូលសរុប
- អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៨៧.៦ប៊ីលានរៀល ត្រូវជា៣.៨% នៃចំណូលសរុប
- អាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ៥៣.៨ប៊ីលានរៀល ត្រូវជា២.៣% នៃចំណូលសរុប។

* តាមក្រុមទំនិញ
- យានយន្ត និងគ្រឿងចក្រមានចំនួន ៨៣៥.៦ប៊ីលានរៀល ត្រូវជា៣៦.៣% នៃចំណូលសរុប
- ទំនិញចម្រុះមានចំនួន ៧៥៧.២ ប៊ីលានរៀល ត្រូវជា៣២.៩% នៃចំណូលសរុប
- ផលិតផលតេលសិលាមានចំនួន ៥៥៣.៥ ប៊ីលានរៀល ត្រូវជា២៤.០% នៃចំណូលសរុប
- គ្រឿងសំណង់ និងកម្រៃផ្សេងៗមានចំនួន ១៥៦.៦ ប៊ីលានរៀល ត្រូវជា៦.៨% នៃចំណូលសរុប។

ទន្ទឹមនេះ ទំហំនៃការនាំចេញក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ រួមមាន៖
- ការនាំចេញផលិតផលកាត់ដេរមានចំនួន ២ ៤៤៩.៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧០៥.៦លានដុល្លារអាមេរិក ត្រូវជា២២.៤%
- ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ឈើកែច្នៃ ផលិតផលពីប្លាស្ទិក គ្រឿងបន្លាស់រថយន្ត កុងផ្លាកេ អំពូលលម្អ ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១ ៤៤២.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ២២៩.៨លានដុល្លារអាមេរិក ត្រូវជា១៨.៩%
- ការនាំចេញកសិផលមានចំនួន ១ ២៥៩.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៣៥.៦លានដុល្លារអាមេរិក ត្រូវជា១០.៨% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៤១១.៧លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១២.៨លានដុល្លារអាមេរិក (៣៧.៧%), ការនាំចេញអង្ករមានតម្លៃ ១២៦លានដុល្លារអាមេរិក កើនឡើងប្រមាណ២០.៩លានដុល្លារអាមេរិក (១៩.៩%), កៅស៊ូនាំចេញមានតម្លៃ ៩៣.១ លានដុល្លារអាមេរិក ថយចុះប្រមាណ ១០.១លានដុល្លារអាមេរិក (៩.៨%), និងកសិផលផ្សេងទៀតមានតម្លៃ ៦២៨.៤ លានដុល្លារអាមេរិក កើនឡើង១២លានដុល្លារអាមេរិក (២.០%)។

សូមបញ្ជាក់ជូនផងដែរថា នៅពេលព្រឹកមុនកិច្ចប្រជុំបូកសរុបលទ្ធផលការងារ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃ អ.គ.រ បានរៀបចំប្រារព្ធពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃចំនួន ៦៣អង្គ ដោយបដិបត្តិតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅកាន់បរលោក និងចម្រើនសិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

នាឱកាសនោះ ក្រុមសិល្បៈនៃ អ.គ.រ ក៏បានសម្ដែងរបាំត្រុដិ ដើម្បីដេញឧបទ្រពចង្រៃ និងសុំពរជ័យគ្រប់ប្រការជូនថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យបន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។

បន្ទាប់ពីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានរៀបចំពិធីជួបសំណេះសំណាលជាមួយនិវត្តជន អតីតមន្ត្រីរាជការគយនិងរដ្ឋាករចំនួន ១៥០ រូប ដោយបានសម្តែងនូវសេចក្តីនឹករលឹក ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាល់ស្នាដៃ និងគុណបំណាច់របស់និវត្តជនទាំងអស់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងប្រាជ្ញា និងកម្លាំងចិត្ត ក្នុងការពុះពារឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចបាននូវ សមិទ្ធផលជូនអង្គភាពក្នុងរយៈកាលកន្លងមក។

ក្នុងពិធីនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្ដល់ជូននិវត្តជនដែលបានចូលរួមនូវវត្ថុអនុស្សាវរីយ៍និងថវិកាមួយចំនួន និងបានផ្តាំផ្ញើដល់និវត្តជន និងមន្ត្រីគយនិងរដ្ឋាករ ទាំងអស់ផងដែរ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះប្រកបដោយភាពរីករាយ និងសុខសុវត្ថិភាព ហើយនិងបានអញ្ជើញពិសាអាហារសាមគ្គី អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ក្រោមបរិយាកាសដ៏មនោរម្យ និងស្និទ្ធស្នាល៕