(ភ្នំពេញ)៖ រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានជាង ៥.៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។

តាមទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ​ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ៥.៣ពាន់លានដុល្លារ ថយចុះ៥.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។ ​ជាមួយគ្នានេះ កម្ពុជាបាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៥.៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២១.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារ។

ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ថយចុះ១៤.៥%។

តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ផលិតផលសម្លៀកបំពាក់ ត្រូវបាននាំចេញក្នុងតម្លៃ ១.៦ពាន់លានដុល្លារ ​, ម៉ាស៊ីន ​ឧបករណ៍អគ្គិសនី ​និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦លានដុល្លារអាមេរិក​, ស្បែកជើងនាំចេញបាន ៣២៣លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជានាំពាក្យនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹង​កាលពីពេលថ្មីនេះថា ការនាំចេញធ្លាក់ចុះនៅដើមឆ្នាំនេះ ដោយសារក្នុងឆ្នាំនីមួយៗ មានរដូវកាលដែលត្រូវនាំចេញ។ ជាក់ស្តែងកម្ពុជា ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ជាដើម គឺចាំបាច់ត្រូវគោរពតាមការបញ្ជាទិញ ដែលតម្រូវឱ្យនាំចេញក្នុងខែណាមួយ។ ស្របពេលជាមួយគ្នា ​កសិផលនៅដើមឆ្នាំនេះ ក៏មិនទាន់ប្រមូលផលដែរ អាចនាំចេញបានច្រើននោះឡើយ៕