(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) ក្នុងកិច្ចប្រជុំនិទាឃរដូវក្នុងសប្តាហ៍នេះនឹងជំរុញឱ្យមានការដោះស្រាយបញ្ហាបំណុលដែលកំពុងកើនឡើងរបស់ប្រទេសក្រីក្រ ហើយរួមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារនេះនឹងបង្ហាញសំណើរឹងមាំនានាដើម្បីដោះស្រាយបញ្ហាធំបំផុតមួយចំនួនដែលរារាំងដល់ការរៀបចំបំណុលឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំណេររបស់លោក David Malpass ប្រធានធនាគារ WB ដែលបានសរសេរនៅក្នុងប្លុកមួយកាលពីថ្ងៃអាទិត្យថា គំនិតទាំងនេះនឹងត្រូវបានដាក់បង្ហាញនៅក្នុងកិច្ចប្រជុំតុមូលស្តីពីបំណុលសកលដែលដឹកនាំដោយស្ថាប័នទាំងពីរនេះ និងប្រទេសឥណ្ឌាដែលជាប្រធានក្រុមប្រទេស G20 នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

លោក Malpass បានថ្លែងថា មានសំណើមួយធ្វើឡើងដើម្បីចែករំលែកការវិភាគអំពីនិរន្តរភាពបំណុលដែលធ្វើងរួមគ្នារវាងធនាគារពិភពលោកនិងមូលនិធិ IMF សម្រាប់ប្រទេសនានាជាមួយម្ចាស់បំណុលទាំងអស់ដែលចូលរួមក្នុងការពិភាក្សាក្នុងពេលជាមួយគ្នា ដែលនឹងបង្កើតតម្លាភាពនិងការចែករំលែកព័ត៌មានដែលជួយដល់ការរគណនាទំហំបន្ធូរបន្ថយបំណុលដែលត្រូវការ។

លោក Malpass បានថ្លែងថា ការរៀបចំបំណុលឡើងវិញក៏នឹងត្រូវបានពន្លឿន និងពង្រឹងផងដែរតាមរយៈការបង្កើតកាលកំណត់ពេលវេលាច្បាស់លាស់សម្រាប់ជំហាននានា រួមទាំងការបង្កើតគណៈកម្មាធិការម្ចាស់បំណុល ការផ្តល់ការធានាហិរញ្ញវត្ថុ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរៀបចំបំណុលជាក់ស្តែង។

លោកបានបន្ថែមថា ការពន្យាការទូទាត់សេវាបំណុលនៅពេលចាប់ផ្តើមដំណើរការនេះ ក៏នឹងផ្តល់នូវការលើកទឹកចិត្តសម្រាប់ការសម្រេចបានកិច្ចព្រមព្រៀងមួយ និងការពារសមត្ថភាពសងបំណុលផងដែរ៕