(ប៉ារីស)៖ អង្គការកិច្ចសហប្រតិបត្តិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករថា កំណើនសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍នឹងថយចុះមកនៅត្រឹម ៤,៦% នៅឆ្នាំនេះធៀបនឹង ៥,៦% ក្នុងឆ្នាំ២០២២ ដោយសារទទួលរងសម្ពាធពីការធ្លាក់ចុះតម្រូវការ ខណៈដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិន និងឥណ្ឌា ឆ្នាំ២០២៣ របស់អង្គការ OECD ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានព្យាករថានឹងកើនឡើងពី ២,៦% កាលពីឆ្នាំមុនដល់ ៣,៨% នៅឆ្នាំ២០២៣ ដោយជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសក្នុងតំបន់។

ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងថយចុះតម្រូវការក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុបរបស់ថៃត្រូវបានរំពឹងថានឹងកើនឡើង ៣,៨% នៅឆ្នាំ២០២៤។

អង្គការ OECD បានព្យាករថា សេដ្ឋកិច្ចរបស់វៀតណាមនឹងមានកំណើនខ្ពស់បំផុតនៅឆ្នាំនេះគឺ ៦,៤% បន្ទាប់មកគឺហ្វីលីពីន (៥,៧%) និងកម្ពុជា (៥,៤%)។ អង្គការ OECD រំពឹងថា សិង្ហបុរី និងមីយ៉ាន់ម៉ានឹងមានកំណើនសេដ្ឋកិច្ចទាបបំផុតនៅក្នុងតំបន់គឺ ២,២% និង ២% រៀងគ្នា។

របាយការណ៍ដដែលនេះបានបង្ហាញថា កត្តាសំខាន់ៗដែលបង្អាក់កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះគឺអតិផរណារ៉ាំរ៉ៃ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីលោក Kensuke Molnar-Tanaka ប្រធានផ្នែកតំបន់អាស៊ីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ OECD ថា ពាណិជ្ជកម្មមានភាពរឹងមាំសម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់កាលពីឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។

លោក Molnar-Tanaka បានមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះនៅឆ្នាំនេះដោយការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក»