(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃស្ថានភាពវិនិយោគនៅកម្ពុជា នៅដើមឆ្នាំ២០២៣នេះថា នៅតែមានភាពល្អប្រសើរ ដោយមានវិនិយោគិន បានមកស្នើសុំចុះបញ្ជីជាប្រចាំ ជាពិសេសគម្រោងវិនិយោគលើវិស័យវាយនភណ្ឌ និងអេឡិចត្រូនិក។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC បញ្ជាក់ឲ្យដឹងថា ថ្វីត្បិតតែក្នុងរយៈពេលដើមឆ្នាំនេះ ស្ថានភាពនៅក្នុងតំបន់ និងលើពិភពលោក មានភាពតឹងតែងដោយសារបញ្ហាភូមិសាស្រ្តនយោបាយក៏ដោយ ប៉ុន្តែជារៀងរាល់សប្តាហ៍ និងរៀងរាល់ខែ CDC នៅតែបន្តទទួលបាននូវសំណើរសុំបញ្ជីវិនិយោគ ពីសំណាក់វិនិយោគិន ទាំងក្នុង និងក្រៅស្រុក ក្នុងនោះវិស័យដែលទទួល បានការចុះបញ្ជីវិនិយោគច្រើនជាងគេ គឺវិស័យវាយនភណ្ឌ និងអេឡិចត្រូនិក។
លោកមានប្រសាសន៍ថា ល្គឹកណាដែលកម្ពុជានៅតែទទួលបានការចុះបញ្ជីគម្រោងវិនិយោគ គឺជាសញ្ញាល្អ ដែលសបញ្ជាក់ថា កម្ពុជានៅតែជាប្រទេស ដែលគេយកចិត្តទុកដាក់។
លោកគូសបញ្ជាក់បន្តថា «ខ្ញុំចង់ជម្រាបជូនថា ប្រទេសយើងមានភាពទាក់ទាញ។ ស្ថិរភាព សុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈនេះ ជាកត្តាមួយដែលគេទទួលស្គាល់គ្រប់គ្នាទាំងស្ថាប័នអន្តរជាតិទាំងអស់។ នេះជាចំណុចសំខាន់ បើអត់មានកត្តានេះ គេមិនមកទេ។ តែបើឱ្យកើនឡើងខ្លាំងទៅមិនរួចទេ។ វិស័យសរសរស្តមទាំង ៤រួមមានវិស័យកសិកម្ម ទេសចរណ៍ វាយនភណ្ឌ អចលទ្រព្យ ក្នុងនោះវិស័យទេសចរណ៍ប៉ះពាល់ខ្លាំង ដែលនាំឱ្យមានការថមថយ ប៉ុន្តែវិស័យថ្មីមួយ គឺវិស័យអេឡិចត្រូនិក មានរាល់ខែ ដែលពីមុនមិនមានទេ មានតែវិស័យកាត់ដេរ»។
យោងតាមរបាយការណ៍ CDC បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ខ្លួនបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩គម្រោង ដែលមានទុនវិនិយោគសរុប ២៩៤លានដុល្លារអាមេរិក និងបង្កើតការងារថ្មីបានចំនួនប្រមាណ ៤៧០០០កន្លែង។ ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣ គម្រោងវិនិយោគមានការថយចុះចំនួន ៨គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ២.២ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។
ក្នុងចំណោមគម្រោងវិនិយោគទាំង៣៩ មានគម្រោងចំនួន៣៨ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និង ១គម្រោងស្ថិតនៅក្នុងវិស័យទេសចរណ៍។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថា ដំណើរការវិនិយោគនៅកម្ពុជា នៅតែមានភាពល្អប្រសើរ ដោយលោកសង្កេតឃើញថា ការចុះវិនិយោគនៅ CDC ក៏ដូចជាការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម មានកំណើនគួរឱ្យកត់សម្គាល់ ដោយសារកម្ពុជាអនុវត្តនូវកិច្ចព្រមព្រៀងផ្សេងៗ ដែលនាំឱ្យកម្ពុជា ទាក់ទាញបានវិនិយោគិនទាំងក្នុង និងក្រៅស្រុក។
លោកមានប្រសាសន៍បន្តថា «ដោយសារការអនុវត្តនូវកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP និងការទទួលបាននូវភាពអនុគ្រោះពន្ធ EBA និង GSP សង្កេតឃើញថាកំណើននៃការបណ្តាក់ទុនវិនិយោគ លើគ្រប់វិស័យផ្សេងៗ ឥលូវនេះមិនត្រឹមតែតំបន់សេដ្ឋកិច្ចពិសេសទេ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលជាវិស័យមិនមែនកាត់ដេរ ពោលគឺអនុវិស័យដែលគាំពារដល់កំណើនសេដ្ឋកិច្ច ដូចជាឧស្សាហកម្មកែច្នៃ ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មអេឡិចត្រូនិក គឺមានការវិនិយោគច្រើន»។
បើតាម CDC ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ចិនបានឈរនៅលេខទី១ ដែលវិនិយោគច្រើនជាងគេ គ្រប់គ្រងរួមចំណែកប្រមាណ ៧០%នៃការវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកឈរ នៅលំដាប់លេខរៀងទី២៕