(បាងកក)៖ មហាសេដ្ឋីថៃបីរូបបានជាប់ឈ្មោះក្នុងបញ្ជីកំពូលមហាសេដ្ឋីពិភពលោក ១៥០នាក់ (Top ១៥០) នៃបញ្ជីរបស់ទស្សនាវដ្ដី Forbes ដែលមានមហាសេដ្ឋកិច្ចសរុបចំនួន ២ ៦៤០នាក់ក្នុងឆ្នាំ២០២៣។ ប្រទេសថៃមានមហាសេដ្ឋីចំនួន ២៨នាក់នៅក្នុងបញ្ជីសរុបនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា លោក Dhanin Chearavanont ដែលជាប្រធានជាន់ខ្ពស់ក្រុមហ៊ុនអាហារ និងកសិកម្មធំជាងគេរបស់ប្រទេសថៃគឺក្រុមហ៊ុន Charoen Pokphand (CP) Group ត្រូវបានទស្សនាវដ្តី Forbes ចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី១១៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៤,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

មហាសេដ្ឋីថៃពីររូបទៀតគឺមហាសេដ្ឋីដែលគ្រប់គ្រងអាជីវកម្មគ្រឿងស្រវឹង និងអចលនៈទ្រព្យ គឺលោក Charoen Sirivadhanabhakdi ដែលជាប់ចំណាត់ថ្នាក់លេខ១១៨ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤,៨ ពាន់លានដុល្លារ និងមហាសេដ្ឋីវិស័យថាមពលលោក Sarath Ratanavadi ដែលជាប់ចំណាត់ថ្នាក់ទី១៤១ ដែលមានទ្រព្យសម្បត្តិប្រមាណ ១២,៣ពាន់លានដុល្លារ។

ការធ្លាក់ចុះតម្លៃភាគហ៊ុន ស្ថានភាពលំបាក់នៃសេដ្ឋកិច្ច និងការកើនឡើងអត្រាការប្រាក់ បានបង្កើតឱ្យមានឆ្នាំដ៏លំបាកសម្រាប់អ្នកមានបំផុតលើពិភពលោកទាំងនេះ។ មហាសេដ្ឋកិច្ចសរុបក្នុងបញ្ជីរបស់ទស្សនាវដ្ដី Forbes មានចំនួន ២៦៤០នាក់ដែលធ្លាក់ចុះពី ២ ៦៦៨នាក់កាលពីឆ្នាំមុន។
មហាសេដ្ឋីទាំងនេះមានទ្រព្យសម្បត្តិរួមគ្នាសរុបចំនួន ១២,២ពាន់ពាន់លានដុល្លារ ធៀបនឹងចំនួន ១២,៧ពាន់ពាន់លានដុល្លារក្នុងខែមីនា ឆ្នាំ២០២២ ពោលគឺធ្លាក់ចុះ ៥០០ពាន់លានដុល្លារ។ ស្ទើរតែពាក់កណ្តាលនៃមហាសេដ្ឋីនៅក្នុងបញ្ជីនេះបានធ្លាក់ចុះទ្រព្យសម្បត្តិធៀបនឹងឆ្នាំមុន រួមទាំងលោក Elon Musk ផងដែរដែលបានធ្លាក់ចុះពីលេខ១ មកលេខ ២ វិញ បន្ទាប់ពីការទិញយក Twitter បានបង្កឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ។

លោក Bernard Arnault ប្រធានក្រុមហ៊ុនទំនិញប្រណិត LVMH ចូលកាន់តំណែងជាបុគ្គលមានបំផុតរបស់ពិភពលោក ដែលនេះជាលើកទីមួយហើយដែលពលរដ្ឋបារាំងនាំមុខគេនៅក្នុងបញ្ជី។

សហរដ្ឋអាមេរិកនៅតែមានចំនួនមហាសេដ្ឋីច្រើនជាងគេដដែល ដែលមានចំនួន ៧៣៥នាក់នៅក្នុងបញ្ជីដែលមានតម្លៃទ្រព្យសរុបចំនួន ៤,៥ពាន់ពាន់លានដុល្លារ។ ប្រទេសចិន (រួមទាំងហុងកុង និងម៉ាកាវ) នៅតែជាប់ចំណាត់ថ្នាក់លេខ២ ដោយមានមហាសេដ្ឋីចំនួន ៥៦២នាក់ ដែលមានតម្លៃទ្រព្យសរុប ២ពាន់ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលមានមហាសេដ្ឋីចំនួន ១៦៩នាក់ ដែលមានតម្លៃទ្រព្យសរុប ៦៧៥ពាន់លានដុល្លារ។

ដើម្បីគណនាទ្រព្យសម្បត្តិសុទ្ធ ទស្សនាវដ្ដី Forbes បានប្រើតម្លៃភាគហ៊ុន និងអត្រាប្តូរប្រាក់ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕