(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្ដីនាយករដ្ឋមន្ត្រីចិនថា ប្រទេសចិនត្រូវតែ «ព្យាយាមគ្រប់វិធីសាស្រ្ត» ដើម្បីរក្សាស្ថិរភាពការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសអភិវឌ្ឍន៍ ដែលជាសញ្ញាបង្ហាញថា ផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចសាកលដែលអាចកើតមានលើសេដ្ឋកិច្ចចិននៅតែជាក្តីកង្វល់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លំហូរពាណិជ្ជកម្មទៅនិងមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះបានបន្តធ្លាក់ចុះនៅពេលដែលរដ្ឋាភិបាលចិនបានចេញផ្សាយទិន្នន័យចុងក្រោយនៅក្នុងខែមីនា ដោយការនាំចេញធ្លាក់ចុះ ៦,៨ភាគរយ ហើយការនាំចូលធ្លាក់ចុះ ១០,២ភាគរយសម្រាប់រយៈពេលពីខែមករាដល់ខែកុម្ភៈធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី Li ត្រូវបានដកស្រង់សម្ដីថា វិធានការជាក់ស្តែង និងមានប្រសិទ្ធភាព នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅពេលវេលាសមស្រប ដើម្បីបង្កើនស្ថិរភាពការរំពឹងទុកទីផ្សារ រួមទាំងការចាត់វិធានការនានា ដើម្បីណែនាំសហគ្រាសឱ្យពង្រឹងការរកមើលប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រទេសនាំចេញនៅតំបន់អាស៊ីផ្សេងទៀតដូចជាកូរ៉េខាងត្បូង និងវៀតណាមក៏បានមើលឃើញការធ្លាក់ចុះការនាំចេញរបស់ពួកគេផងដែរក្នុងរយៈពេលប៉ុន្មានខែដំបូងក្នុងឆ្នាំ២០២៣ នេះ ដែលបង្ហាញថា ប្រទេសចិនមិនមែនជាប្រទេសតែមួយដែលជួបបញ្ហានាំចេញរបស់ខ្លួននោះទេ។

ការធ្លាក់ចុះ ២៦,៥ភាគរយនៅក្នុងការនាំចូលឧបករណ៍សឺមីកុងដាក់ទ័រ (semiconductors) របស់ប្រទេសចិនសម្រាប់ខែមករាដល់ខែកុម្ភៈបង្ហាញឱ្យឃើញពីការធ្លាក់ចុះទីផ្សារសម្រាប់ការនាំចេញគ្រឿងអេឡិចត្រូនិក ដោយសារអតិផរណាខ្ពស់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបបន្តបង្អាក់តម្រូវការពីប្រទេសចិន។

ប្រទេសចិននឹងចេញផ្សាយទិន្នន័យពាណិជ្ជកម្មបន្ទាប់នៅថ្ងៃទី១៣ ខែមេសា៕