(សេអ៊ូល)៖ កូរ៉េខាងត្បូងគ្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា ខណៈដែលរដ្ឋាភិបាលក្រុងសេអ៊ូលព្យាយាមបន្ស៊ីគោលនយោបាយរបស់ខ្លួនជាមួយនឹងវិធានការជំរុញដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកឱ្យងាកចេញពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េលោក Park Jin បានថ្លែងថា៖ «នៅក្នុងយុគសម័យនៃសន្តិសុខសេដ្ឋកិច្ច វាចាំបាច់ណាស់ក្នុងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាមួយប្រទេសឥណ្ឌា»

លោក Park បានបន្ថែមថាថា ប្រទេសឥណ្ឌាមានគុណតម្លៃសកលរួមគ្នា ដូចជាលទ្ធិប្រជាធិបតេយ្យ មានសក្ដានុពលកំណើនសេដ្ឋកិច្ចដ៏ធំ និងជាដៃគូដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង ។

លោករដ្ឋមន្ត្រី Park បានធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសឥណ្ឌាដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។

លោក Park បានប្រាប់ថ្នាក់ដឹកនាំធុរកិច្ចនៅទីក្រុង Chennai ប្រទេសឥណ្ឌាថា៖ «សហគ្រិនអាជីវកម្មដែលកំពុងវិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌាត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចរឿងនេះ»។ គណៈប្រតិភូបានលើកឡើងពីសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរមនុស្ស និងវប្បធម៌ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) បាននិងកំពុងស្វែងរកជំនួយពីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងកូរ៉េខាងត្បូងផងដែរក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្សែសង្វាក់ផ្គត់ផ្គង់សកលលើប្រទេសចិន ខណៈពេលដែលបានហាមឃាត់ការលក់ឧបករណ៍សឺមីកុងដាក់ទ័រ (semiconductor) បច្ចេកវិទ្យាខ្ពស់ផងដែរ។

ប្រទេសឥណ្ឌាគឺជាអ្នកទទួលផលមួយក្នុងចំណោមអ្នកទទួលផលក្នុងការផ្លាស់ប្តូរដ៏ទូលំទូលាយនេះ ដោយសារតែក្រុមហ៊ុននានាដូចជា Apple Inc. បង្កើនសមត្ថភាពផលិតនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕