(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ចំពោះអ្នកកំពុងជាប់កម្ចីជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលសមាជិករបស់សមាគម កុំមានការបារម្ភថា ស្ថាប័នទាំងនោះដំឡើងអត្រាការប្រាក់ បើទោះបីជាអត្រាប្រាក់ នៅលើទីផ្សារអន្តរជាតិកំពុងកើនឡើង ដែលធ្វើឱ្យប៉ះពាល់ ដល់ប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញក៏ដោយ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់សមាគម នឹងមិនដំឡើងអត្រាការប្រាក់ សម្រាប់អតិថិជនដែលមានស្រាប់ ឬអ្នកកំពុងជាប់កម្ចីនោះទេ ដើម្បីកុំឱ្យពួកគេមានបន្ទុកបន្ថែម លើកម្ចីដែលមានបច្ចុប្បន្ន ស្របពេលដែលអតិថិជន កំពុងជួបវិបត្តិសេដ្ឋកិច្ច។

តែយ៉ាងណាមិញ ចំពោះអតិថិជនថ្មី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ អាចនឹងមានចរចា ដើម្បីដំឡើងអត្រាប្រាក់ទៅស្ថានភាពទីផ្សារ នាពេលចបច្ចុប្បន្ន។ ប៉ុន្តែនឹងមិនឡើងខ្ពស់នោះទេ ដែលអាចឡើងត្រឹមចន្លោះពី ០.៥%ទៅ ២%ប៉ុណ្ណោះក្នុង១ឆ្នាំ អាស្រ័យទៅតាមប្រភេទអតិថិជននីមួយៗ ឬក៏អាចរក្សាអត្រាការប្រាក់ដដែល។

លោកបានលើកឡើងបន្ថែមថា ការណ៍ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនដំឡើងអត្រាប្រាក់នេះ គឺដើម្បីឱ្យអតិថិជនមានលំនឹង និងមិនចំណាយបន្ទុកបន្ថែម ទៅលើអត្រាប្រាក់ ដែលបានបង់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកបន្តថា «គោលដៅគឺយើងចង់សម្រួលដល់ជីវភាពរបស់ពួកគាត់ ដើម្បីកុំឱ្យគាត់ចំណាយទៅលើការប្រាក់ ទៅលើអ្វីដែលជាបន្ទុករាល់ថ្ងៃនេះម្តងទៀត។ ជាធម្មតា នៅពេលអត្រាការប្រាក់អន្តរជាតិឡើង បានធ្វើឱ្យផលប៉ះពាល់ខ្លះ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្តែផលប៉ះពាល់នេះមិនខ្លាំងនោះទេ។ ដើម្បីគិតដល់ប្រយោជន៍យើងទាំងអស់គ្នា ទំនាក់ទំនងយើងជាមួយអតិថិជនសម្រាប់ថ្ងៃនេះ និងសម្រាប់អនាគតទៅមុខទៀត យើងសុខចិត្តកាត់បន្ថយ នូវការចំណេញរបស់យើងឱ្យវាថយមកខ្លះ។ នេះគឺជាការលះបង់មួយ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។

បើតាមលោក សុខ វឿន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច នៅក្នុងឆ្នាំនេះមិនមានល្អប្រសើរ ប៉ុន្តែលោកមិនបារម្ភ ពីការកើនឡើងឥណទានមិនដំណើរការនោះទេ ព្រោះបើគិតត្រឹមរយៈពេល ១ឆ្នាំ ឬ៦ខែចុងក្រោយនេះ ស្ថានភាពនៃការបង់សងត្រឡប់របស់ជាប់កម្ចី ហាក់មិនមានអ្វីប្រែប្រួលទេ និងមិនមានសញ្ញាណាមិនល្អឡើយ ដោយការបង់សងមានប្រក្រតីភាពធម្មតា។

ក្នុងកាលៈទេសៈដែលពលរដ្ឋ កំពុងជួយលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវកុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋ ដែលបានជាប់កម្ចី ហើយមិនមានលទ្ធភាពពិតប្រាកដ។ តែយ៉ាងនេះក្តីសម្តេចជំរុញឱ្យអ្នកដែលមានលុយ ត្រូវយកទៅបង់សងធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយមិនត្រូវផ្តេកផ្តួល តាមប្រសាសន៍អំពាវនាវនេះឡើយ។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅតាមតំបន់ជនបទ។

ជាក់ស្ដែងគិតត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមាន ៤៤.៤ ទ្រីលានរៀល (ស្មើនឹង១០.៨ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមាន ៣៨.៩ ទ្រីលានរៀល (ស្មើនឹង ៩.៥ប៊ីលានដុល្លារអាមេរិក) ផ្តល់ដល់អតិថិជនចំនួនជាង ២.១លានគណនី។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានទទួលប្រាក់បញ្ញើសរុបប្រមាណ ១៩.៤ទ្រីលានរៀល (ស្មើនឹង ៤.៧ ប៊ីលានដុល្លារអាមេរិក) ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២.៧ លានគណនី៕