(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈយោគយល់គ្នា ជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះ នឹងផ្តល់នូវក្របខ័ណ្ឌមួយ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីពង្រឹងនូវការអនុវត្តប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ រាប់ចាប់ពីទស្សនវិស័យនៃការគ្រប់គ្រងហានិភ័យ ក្នុងការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។

សមាគមធនាគារនៅកម្ពុជា (ABC) និង SPTF ព្រមព្រៀងសហការទៅលើកិច្ចការមួយចំនួន រួមមាន៖ ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារ ក្នុងការអនុវត្តឱ្យបានជោគជ័យ នូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការគាំទ្រសមាជិកក្នុងការវាយតម្លៃ ទៅលើអនុលោមភាពនៃការអនុវត្តក្រមប្រតិបត្តិ កំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមានចែងក្នុងក្រម ត្រួតពិនិត្យពីការអនុវត្ត និងបញ្ហាប្រឈម ចំពោះការអនុវត្តក្រមប្រតិបត្តិ នៅក្នុងប្រព័ន្ធធនាគារ ដោយប្រើប្រាស់ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជន ក្នុងការវាស់វែងពីការអនុវត្តក្រមប្រតិបត្តិ កសាងសមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។ ទន្ទឹមនេះ សមាជិកនៃសមាគមធនាគារក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើង នូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា «សេវា និងផលិតផលធនាគា រត្រូវបានបង្កើតឡើងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ ជាមួយនឹងអតិថិជន ការការពារអតិថិជនគឺជារឿងចាំបាច់សម្រាប់សេវាធនាគារ។ អនុស្សរណៈយោគយល់គ្នាជាមួយ SPTF នឹងចូលរួមចំណែកលើកកម្ពស់ កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវភាពខ្លាំង រឹងមាំ កេរ្ត៍ឈ្មោះ នៃឧស្សាហកម្មធនាគារ»

លោកបានបន្ថែមថា «យើងអំពាវនាវសមាជិករបស់យើងទាំងអស់ អនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ជូលក្រមនេះ ទៅក្នុងនីតិវិធី និងគោលនយោបាយរបស់ពួកគេ»

លោក Nitin Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF មានប្រសាសន៍ថា «យើងពិតជារីករាយ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយ សមាគមធនាគារនៅកម្ពុជា (ABC)។ ការងាររបស់យើងជាមួយសមាគមធនាគារនៅកម្ពុជា នឹងរួមបញ្ជូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួន លើអភិបាលកិច្ច និងកិច្ចការមួយចំនួនទៀត ក្នុងការពង្រឹងនូវកិច្ចការពារអតិថិជន នៅក្នុងវិស័យធនាគារនៅកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលប្រទេសឡុចហ្សំបួរ តាមរយៈក្រសួងការបរទេសអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA និងផ្តល់ការគាំទ្រដល់ការងាររបស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជាវិជ្ជមាន»

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា «អនុស្សរណៈយោគយល់គ្នានេះនឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញនិងលើកកម្ពស់ ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ក្នុងការគោលដៅលើកម្ពស់កំណើន ប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុនិងបង្កើនកិច្ចការពារអតិថិជន»

លោកបានបន្ថែមថា កិច្ចការពារអតិថិជន គឺជាកិច្ចការអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័នុ្ធធនាគារទាំងមូលផងដែរ៕