(វ៉ាស៊ីនតោន)៖ លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថមថយនៅក្រោម ៣ភាគរយនៅឆ្នាំ២០២៣ ហើយនឹងស្ថិតក្នុងរង្វង់ ៣ភាគរយសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កំណើននេះគឺជាការព្យាករពីកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទាបបំផុតរបស់មូលនិធិ IMF គិតចាប់តាំងពីឆ្នាំ១៩៩០មក និងទាបជាងកំណើនជាមធ្យម ៣,៨ភាគរយដែលទទួលបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

លោកស្រី Georgieva ត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សកម្មភាពគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធដ៏រឹងមាំដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានរារាំងមិនឱ្យកើតមានលទ្ធផលអាក្រក់ជាងនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែការរំពឹងទុកពីកំណើនសេដ្ឋកិច្ចនៅតែខ្សោយដោយសារអតិផរណាខ្ពស់ដ៏រ៉ាំរ៉ៃ។

លោកស្រីបានបន្ថែមថា ការដួលរលំរបស់ធនាគារនៅប្រទេសស្វីស និងសហរដ្ឋអាមេរិកបានបង្ហាញពីភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ដែលបង្កើនហានិភ័យធ្លាក់ចុះសម្រាប់សេដ្ឋកិច្ចពិភពលោក។

លោកស្រីបានថ្លែងនៅក្នុងសុន្ទរកថាមួយមុនកិច្ចប្រជុំនិទាឃរដូវនៅសប្តាហ៍ក្រោយរបស់មូលនិធិ IMF និងធនាគារពិភពលោកថា៖ «ទោះបីជាទីផ្សារការងារមានភាពធន់គួរឱ្យភ្ញាក់ផ្អើល និងតម្រូវការអ្នកប្រើប្រាស់ខ្លាំងក៏ដោយ បើទោះបីជាមានការស្ទុះងើបឡើងវិញនៅក្នុងប្រទេសចិនក៏ដោយ ក៏យើងរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងតិចជាង ៣ភាគរយនៅឆ្នាំនេះ។ កំណើនសេដ្ឋកិច្ចនៅតែខ្សោយជាប្រវត្តិសាស្ត្រនៅពេលនេះ និងក្នុងរយៈពេលមធ្យម»

លោកស្រីបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើយដោយ Meridian House and Politico ថា៖ «ជាមួយនឹងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ ជាមួយនឹងអតិផរណានៅតែខ្ពស់ ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏រឹងមាំនៅតែជារឿងពិបាក ហើយវាធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុករបស់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះបំផុត និងប្រទេសដែលងាយរងគ្រោះបំផុត»។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះជិតពាក់កណ្តាលមកត្រឹម ៣,៤ភាគរយក្នុងឆ្នាំ២០២២ បន្ទាប់ពីកើតមានសង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែន ធៀបនឹង ៦,១ភាគរយដែលទទួលបាននៅឆ្នាំ២០២១។

លោកស្រី Georgieva បានបន្ថែមថា ប្រទេសឥណ្ឌា និងចិននឹងមានចំណែកពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ប៉ុន្តែប្រហែល ៩០ភាគរយនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននឹងមើលឃើញការធ្លាក់ចុះអត្រាកំណើនសេដ្ឋកិច្ចរបស់ពួកគេនៅឆ្នាំនេះ៕