(ហ្សឺណែវ)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនពាណិជ្ជកម្មសកលនៅឆ្នាំនេះ និងបានព្រមានពីហានិភ័យពីសង្គ្រាមអ៊ុយក្រែន ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អសន្តិសុខស្បៀងអាហារ អតិផរណា និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថាប័នពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនេះបានឱ្យដឹងកាលពីថ្ងៃពុធថា ទំហំពាណិជ្ជកម្មទំនិញនឹងកើនឡើង ១,៧ភាគរយក្នុងឆ្នាំ២០២៣ ដែលខ្ពស់ជាងការព្យាករក្នុងខែតុលាដែលថាមានចំនួន ១ភាគរយ ប៉ុន្តែនៅតែទាបជាងកម្រិតមធ្យមដែលមាន ២,៦ភាគរយក្នុងរយៈពេល ១២ឆ្នាំគិតចាប់តាំងពីទំហំពាណិជ្ជកម្មបានដួលរលំបន្ទាប់ពីកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោក។

សម្រាប់ឆ្នាំ២០២២ អង្គការ WTO បានឱ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ បានបណ្តាលឱ្យមានកំណើនពាណិជ្ជកម្ម ២,៧ភាគរយ ដែលទាបជាងការព្យាករ ៣,៥ភាគរយ។

អង្គការ WTO បានឱ្យដឹងទៀតថា កំណើនពាណិជ្ជកម្មទំនិញគួរតែស្ទុះងើបឡើងវិញដល់ ៣,២ភាគរយនៅឆ្នាំ២០២៤ នៅពេលដែលកំណើនសេដ្ឋកិច្ចស្ទុះងើបឡើងវិញ ប៉ុន្តែអង្គការនេះបានព្រមានថា ការព្យាករនេះគឺមិនច្បាស់លាស់ទាំងស្រុងទេ ដោយសារហានិភ័យធ្លាក់ចុះជាច្រើន។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការ WTO បានឱ្យដឹងថា ការគំរាមកំហែងទាំងនោះរួមមានការបន្តកើតមានសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយផ្សេងទៀត ការកើនឡើងអតិផរណាជាថ្មី និងផលប៉ះពាល់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕