(ម៉ូស្គូ)៖ ប្រភពមួយដែលបានដឹងទិន្នន័យរបស់ក្រសួងថាមពលពីរុស្ស៊ីបានឱ្យដឹងថា រុស្ស៊ីបានកាត់បន្ថយទិន្នផលប្រេងរបស់ខ្លួនប្រហែល ៧សែនបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ប៉ុន្តែតួលេខនេះមិនស៊ីសង្វាក់គ្នាជាមួយនឹងទិន្នន័យស្តីពីការនាំចេញនិងការផ្គត់ផ្គង់ប្រេងតាមសមុទ្រក្នុងខែមីនារបស់ប្រទេសរុស្ស៊ីទៅកាន់រោងចក្រចម្រាញ់ក្នុងស្រុកទេ ដែលបង្កើនភាពមិនច្បាស់លាស់អំពីបរិមាណប្រេងដែលរុស្ស៊ីបានបូមពិតប្រាកដ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា វិមានក្រឹមឡាំងបានប្តេជ្ញាកាត់បន្ថយទិន្នផលប្រេងឆៅចំនួន ៥សែនបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែមីនាដល់ខែធ្នូ ជាការសងសឹកទៅនឹងការរឹតបន្តឹងពាណិជ្ជកម្មរបស់លោកខាងលិច និងការកំណត់តម្លៃប្រេងឆៅរុស្ស៊ីដោយក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំងប្រាំពីរ (G7)។

យោងតាមឧបនាយករដ្ឋមន្ត្រីលោក Alexander Novak បានឱ្យដឹងថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយទិន្នផលប្រេងឆៅរបស់ខ្លួនដោយប្រើប្រាស់ផលិតកម្មក្នុងខែកុម្ភៈជាគោល។ ការគណនារបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដោយផ្អែកលើទិន្នន័យឧស្សាហកម្មបានបង្ហាញថា ផលិតកម្មប្រេងក្នុងខែមីនាមានចំនួន ១០,១លានបារ៉ែលក្នុងមួយថ្ងៃ។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ដោយសុំមិនបង្ហាញអត្តសញ្ញាណដោយសារតួលេខនេះមិនត្រូវបានបង្ហាញជាសាធារណៈថា យោងតាមទិន្នន័យរបស់ក្រសួងថាមពលរុស្ស៊ី ក្រុមហ៊ុនផលិតប្រេងនានាបានបូមប្រេងឆៅជាមធ្យមប្រចាំថ្ងៃចំនួន ១,២៨៥លានតោន។

បរិមាណនេះស្មើនឹងជាង ៩,៤លានបារ៉ែល ដែលមានន័យថា ការកាត់បន្ថយប្រេងឆៅសរុបមានជិត ៧សែនបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន។

ប្រភពដដែលនេះបានបន្ថែមថា ផលិតកម្មសរុបនៃប្រេងឆៅ និងប្រេងប្រភេទ condensate ក្នុងខែមីនាមានជាមធ្យម ១,៤១៣លានតោន។ បរិមាណនេះស្មើនឹង ១០,៣៦លានបារ៉ែលក្នុងមួយថ្ងៃធៀបនឹង ១១,១លានបារ៉ែលក្នុងខែកុម្ភៈ។ នេះបើយោងតាមការគណនារបស់ Bloomberg៕