(កូឡុំបូ)៖ ប្រាក់បម្រុងររូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាបានកើនឡើងក្នុងខែមីនាដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះសម្រេចបានកិច្ចព្រមព្រៀងថវិកាសង្គ្រោះពីមូលនិធិរូបិយវត្ថុអន្តរជាតិចំនួន ៣ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារកណ្តាលស្រីលង្កាថា ប្រាក់បម្រុងបានកើនឡើងដល់ ២,៦៩ពាន់លានដុល្លារពី ២,២២ពាន់លានដុល្លារក្នុងខែកុម្ភៈ។ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរួមមានទាំងកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណជាមួយបរទេសចិនដែលស្មើនឹងប្រហែល ១,៤ពាន់លានដុល្លារ ដែលបានជួយបង្កើនប្រាក់បម្រុងដល់កម្រិតខ្ពស់ ៣,១៤ពាន់លានដុល្លារក្នុងខែធ្នូ ឆ្នាំ២០២១ ទោះបីជាទឹកប្រាក់ក្នុងកិច្ចព្រមព្រៀងនេះមានភ្ជាប់លក្ខខណ្ឌក្នុងការប្រើប្រាស់ក៏ដោយ។

កាលពីថ្ងៃទី២០ ខែមីនា ក្រុមប្រឹក្សាភិបាលរបស់មូលនិធិ IMF បានអនុម័តកម្មវិធីកម្ចីសង្គ្រោះរយៈពេល ៤៨ខែ ហើយក្រោយមកបានបញ្ចេញកញ្ចប់ថវិកាដំបូងប្រហែល ៣៣០លានដុល្លារ ដែលជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាមានស្ថិរភាព និងអនុញ្ញាតឱ្យប្រទេសនេះចាប់ផ្តើមរៀបចំរចនាបំណុលរបស់ខ្លួនឡើងវិញ។

ការអនុម័តថវិកាសង្គ្រោះរបស់ស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ ត្រូវបានគេរំពឹងថានឹងជួយឱ្យមានការផ្តល់មូលនិធិបន្ថែមទៀត និងផ្តល់នូវក្របខ័ណ្ឌកំណែទម្រង់មួយ ដើម្បីឱ្យប្រទេសដីកោះមួយនេះអាចងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕