(វ៉ាស៊ីនតោន)៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានប្រាប់មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ចិន និងលោកនាយករដ្ឋមន្ត្រីលោក លី ឈាង ថា ចិនត្រូវតែពន្លឿនការងាររបស់ខ្លួន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្តីពីការរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសនានាដូចជា សំប៊ី ហ្គាណា និងអេត្យូពីជាដើម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកស្រី Georgieva ដែលបានជួបជាមួយលោក លី និងមន្ត្រីចិនកំពូលផ្សេងទៀតក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែមុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីបានយល់ឃើញថា លោក លី មានភាពរាក់ទាក់និងជាមនុស្សដែលផ្តោតលើការងារ ហើយគាត់ធានាចំពោះលោកស្រីថា គាត់ចង់ឱ្យប្រទេសចិនដើរតួក្នុងន័យស្ថាបនាក្នុងការដោះស្រាយបញ្ហាបំណុល។

លោកស្រីបានថ្លែងទៅកាន់ព្រឹត្តិការណ៍មួយថា៖ «ការពិតគឺខ្ញុំ...និយាយត្រង់អំពីកិច្ចការនេះ។ វាចំណាយពេលយូរពេកសម្រាប់ការដោះស្រាយបំណុលនោះ។ ប្រទេសចិនមានស្ថាប័នជាច្រើនដែលដោះស្រាយរឿងនោះ ដែលធ្វើឱ្យវាមានភាពស្មុគស្មាញក្នុងប្រទេស ប៉ុន្តែពួកគេត្រូវបង្កើនល្បឿនក្នុងការចូលរួមរបស់ពួកគេ»

សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានស្តីបន្ទោសប្រទេសចិនចំពោះការពន្យារពេលក្នុងការរៀបចំកិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញសម្រាប់ប្រទេសដែលជំពាក់បំណុលច្រើន ដែលបានស្នើសុំជំនួយក្រោមក្របខណ្ឌរួម (Common Framework) ដែលបង្កើតឡើងដោយក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ (G20) ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកស្រី Georgieva បានកត់សម្គាល់ថា ប្រទេសចិនបានជួយឱ្យឈានដល់កិច្ចព្រមព្រៀងបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសឆាដ និងស្រីលង្កាដែលជាប្រទេសមានចំណូលមធ្យមដែលមិនមានសិទ្ធិទទួលបានជំនួយសង្គ្រោះក្រោមក្របខណ្ឌ G20 ហើយលោកស្រីបានលើកទឹកចិត្តប្រទេសចិនឱ្យបង្កើតវឌ្ឍនភាពលើករណីផ្សេងទៀត។

លោកស្រី Georgieva បានបន្ថែមថា ប្រហែល ៦០ភាគរយនៃបណ្តាប្រទេសមានប្រាក់ចំណូលទាបកំពុងស្ថិតក្នុងឬប្រឈមនឹងបញ្ហាបំណុលរួចហើយ ហើយប្រហែល ២៥ភាគរយនៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះងើបមានហានិភ័យខ្ពស់ និងប្រឈមមុខនឹងការរីករាលដាលកម្ចីដែលមានលក្ខណៈដូចនឹងការក្ស័យធនដែរ៕