(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្វាយចន្ទី និងពិនិត្យមើលឃ្លាំងស្តុកស្វាយចន្ទី នៅទីតាំងចំនួន២៖

*ទី១៖ កសិដ្ឋានដាំដុះស្វាយចន្ទី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ កសិដ្ឋាននេះ កំពុងប្រមូលផលលើផ្ទៃដីដាំដុះចំនួន ៥៨០ហិកតា។ សម្រាប់ឆ្នាំ២០២៣នេះ កសិដ្ឋានបានធ្វើការប្រមូលផលចំនួន១៣០តោន។

*ទី២៖ ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ចប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន១,០០០ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុនមានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥,០០០តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។

បច្ចុប្បន្ន យោងតាមរបាយការណ៍សមាគមស្វាយចន្ទី ផ្ទៃដីដាំស្វាយចន្ទី នៅទូទាំងខេត្តព្រះវិហារ មានសរុបចំនួន ៨៤,៣៩១ហិកតា និងមានសហគមកសិកម្មដាំដុះស្វាយចន្ទី មានចំនួន៤៣សហគម។

នៅពេលខាងមុខ លោកបណ្ឌិត កៅ ថាច នឹងធ្វើការចុះទៅពិនិត្យមើលការប្រមូលផលរបស់បងប្អូនសហគមស្វាយចន្ទី និងក្រុមហ៊ុនប្រមូលទិញស្វាយចន្ទី នៅតាមមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ជាដើម៕