(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃអង្គារថា ភាពចលាចលផ្នែកធនាគារនាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក និងអឺរ៉ុប អាចរីករាលដាលដល់ស្ថាប័នមិនមែនធនាគារសំខាន់ៗដូចជាមូលនិធិសោធននិវត្តន៍ ដែលធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់ការប្រយុទ្ធប្រឆាំងអតិផរណារបស់ធនាគារកណ្តាលរបស់ប្រទេសនានា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំណេររបស់ក្រុមសេដ្ឋវិទូនៃមូលនិធិ IMF ដែលបានសរសេរបង្ហោះនៅក្នុងប្លុកមួយថា ហានិភ័យផ្នែកធនាគារ «អាចកើនឡើងក្នុងពេលប៉ុន្មានខែខាងមុខក្នុងគ្រាដែលមានការរឹតបន្តឹងជាបន្តនូវគោលនយោបាយរូបិយវត្ថុជាសាកល» និងរីករាលដាលដល់វិស័យមិនមែនធនាគារដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ដែលឥឡូវនេះកាន់កាប់ស្ទើរតែពាក់កណ្តាលនៃទ្រព្យសកម្មហិរញ្ញវត្ថុសកលលោក។

សំណេរនេះត្រូវបានបង្ហោះរួមជាមួយនឹងជំពូកមួយដែលដកស្រង់ចេញពីរបាយការណ៍ប្រចាំឆ្នាំរបស់មូលនិធិ IMF ស្តីពីស្ថិរភាពហិរញ្ញវត្ថុសកល។

ធនាគារកណ្តាលរបស់ប្រទេសដែលស្ថិតនៅសងខាងនៃមហាសមុទ្រអាត្លង់ទិកបាននិងកំពុងដើរលើផ្លូវដ៏ល្អមួយ ខណៈដែលធនាគារទាំងនោះព្យាយាមដោះស្រាយបញ្ហាអតិផរណាខ្ពស់តាមរយៈការដំឡើងអត្រាការប្រាក់ដោយមិនមានការបន្ថែមភាពចលាចលទៅក្នុងវិស័យធនាគារដែលបង្កឡើងដោយការដួលរលំយ៉ាងខ្លាំងរបស់ធនាគារ Silicon Valley Bank។

ធនាគារ Silicon Valley Bank ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះបានដួលរលំបន្ទាប់ពីធនាគារនេះបានស្រូបយកហានិភ័យអត្រាការប្រាក់លើសលប់ហួសប្រមាណ នៅពេលដែលធនាគារកណ្តាលអាមេរិកបានចាប់ផ្តើមយុទ្ធនាការដ៏ខ្លាំងក្លារបស់ខ្លួនក្នុងការដំឡើងអត្រាការប្រាក់កាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ទៀតថា អន្តរការីហិរញ្ញវត្ថុមិនមែនធនាគារ (NBFI) នានា ដូចជាស្ថាប័នប្រាក់សោធននិវត្តន៍ និងមូលនិធិវិនិយោគ បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ នៅពេលដែលនិយ័តករបានងាកមករឹងបន្តឹងច្បាប់ស្តីពីធនាគារ។

មូលនិធិ IMF បានឱ្យដឹងថា NBFI មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយធនាគារបែបប្រពៃណី ហើយអាច «ក្លាយជាបណ្តាញដ៏សំខាន់ដែលអាចកើនឡើងភាពតានតឹងផ្នែកហិរញ្ញវត្ថុ»

ក្រុមសេដ្ឋវិទូរបស់មូលនិធិ IMF បានសរសេរថា ទំហំដ៏ធំនៃវិស័យ NBFI មានន័យថា «ការដំណើរការដោយរលូននៃវិស័យមិនមែនធនាគារមានសារៈសំខាន់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ»។ មូលនិធិ IMF បានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាបានត្រឹមត្រូវ ក្រុមអ្នកបង្កើតគោលនយោបាយត្រូវតែប្រើប្រាស់ឧបករណ៍ជាច្រើន រួមទាំងការអនុម័តការឃ្លាំមើល និងបទប្បញ្ញត្តិរបស់វិស័យនេះឱ្យកាន់តែរឹងមាំ និងការបង្ខំឱ្យក្រុមហ៊ុនចែករំលែកទិន្នន័យបន្ថែមទៀតអំពីហានិភ័យដែលពួកគេកំពុងទទួល។

ធនាគារកណ្តាលក៏មានតួនាទីធ្វើកិច្ចការទាំងនេះផងដែរ ដោយគួរតែផ្តោតលើការគាំទ្របណ្តោះអាសន្នដែលមានការកំណត់ទិសដៅសម្រាប់អន្តរការីហិរញ្ញវត្ថុមិនមែនធនាគារ (NBFI) ដែលបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ និងសម្រាប់ការគាំទ្រណាដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាប្រព័ន្ធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕