(ព្រុចសែល)៖ សហភាពអឺរ៉ុបកំពុងព្យាយាមបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអូស្ត្រាលីនៅត្រីមាសទី៣ ឆ្នាំនេះ បើទោះបីជាភាគីទាំងពីរត្រូវធ្វើការងារដើម្បីបញ្ចប់បញ្ហាជម្លោះមួយចំនួនទៀតក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុបដែលបានបញ្ជាក់ពីពេលវេលាពិភាក្សានេះថា ការពិភាក្សាបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅចុងខែនេះ ដែលទំនងជាជុំចុងក្រោយមុនពេលប្រធានក្រុមអ្នកចរចាដោះស្រាយបាននូវបញ្ហាដែលនៅសេសសល់ណាមួយ។

បញ្ហាដែលចាំបាច់ត្រូវទទួលបានការព្រមព្រៀងរួមមាន ទំនិញម្ហូបអាហារដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ ដូចជាឈីស ក៏ដូចជាបញ្ហាដែលទាក់ទងនឹងទិន្នន័យនិងឯកជនភាពជាដើម។

ការសម្រេចបានកិច្ចព្រមព្រៀងណាមួយនឹងជំរុញពាណិជ្ជកម្មរវាង EU និងអូស្ត្រាលីតាមរយៈសេរីភាវូបនីយកម្មពន្ធលើទំនិញជាច្រើនប្រភេទ។ កិច្ចព្រមព្រៀងនេះក៏នឹងសមស្របទៅនឹងយុទ្ធសាស្រ្តរបស់ប្លុកនេះផងដែរ ដើម្បីបង្កើនទម្ងន់ភូមិសាស្ត្រនយោបាយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពង្រឹងគោលបំណងរបស់ខ្លួនដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗរបស់សហភាពអឺរ៉ុប។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg អូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២១ របស់សហភាពអឺរ៉ុប និងជាអ្នកនាំចេញដ៏ធំនូវទំនិញសំខាន់ៗដែលត្រូវការសម្រាប់ការដោះដូរសេដ្ឋកិច្ចបៃតងរបស់អឺរ៉ុប ដូចជាលីចូម និង កូបាល់ជាដើម។ សហភាពអឺរ៉ុប និងអូស្ត្រាលីបានដោះដូរពាណិជ្ជកម្មទំនិញទ្វេភាគីសរុបចំនួន ១៧,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលកើនឡើង ៩៣% ធៀបនឹងឆ្នាំ២០២១។

អូស្ត្រាលីក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផ្នែកយុទ្ធសាស្រ្តមួយដោយសារការចូលរួមរបស់ប្រទេសនេះនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលដឹកនាំដោយប្រទេសចិន និងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)៕