(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ក្រុមមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កាលពីថ្ងៃអង្គារបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅឆ្នាំនេះតាមអ៊ីនធឺណិត ដើម្បីពិភាក្សាអំពីការគ្រប់គ្រងការនាំចេញ និងសន្តិសុខសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនេះថា៖ «យើងបញ្ជាក់ជាថ្មីថា ការគ្រប់គ្រងការនាំចេញគឺជាឧបករណ៍គោលនយោបាយជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយការផ្ទេរបច្ចេកវិទ្យាដែលមានសារៈសំខាន់ចំពោះយោធា ក៏ដូចជាសកម្មភាពផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខពិភពលោក តំបន់ និងជាតិ»

កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរឹតបន្តឹងការនាំចេញឧបករណ៍ផលិតសឺមីកុងដាក់ទ័រ (semiconductor) មួយចំនួន ដោយបន្ស៊ីការគ្រប់គ្រងពាណិជ្ជកម្មរបស់ខ្លួនឱ្យត្រូវនឹងការរឹតបន្តឹងបច្ចេកវិទ្យាផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកក្នុងគោលបំណងកាត់បន្ថយភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងយោធារបស់ប្រទេសចិន។

ក្រុមប្រទេស G7 បានឱ្យដឹងថា ក្រុមប្រទេសនេះនឹងពង្រីកវិធានការរបស់ខ្លួនទៅកាន់ដៃគូមិនមែនសមាជិករបស់ក្រុមប្រទេស G7 ផ្សេងទៀតដើម្បីបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយក្រុមប្រទេសនេះបានបង្ហាញការព្រួយបារម្ភអំពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច «ដែលជ្រៀតជ្រែកជម្រើសស្របច្បាប់របស់រដ្ឋាភិបាលមួយទៀត» ដោយមិនបញ្ចេញឈ្មោះប្រទេសជាក់លាក់ដែលខ្លួនបានសំដៅលើ។

រដ្ឋក្រសួងមន្ត្រីពាណិជ្ជកម្មរបស់ក្រុមប្រទេស G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងកាណាដា នឹងជួបប្រជុំគ្នានៅប្រទេសជប៉ុនក្នុងខែតុលាខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕