(បាត់ដំបង)៖ ការណ៍ដែលក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជី «ដូងខ្ទិះបាត់ដំបង» ជាម៉ាកសមូហភាព គឺដើម្បីកំណត់ស្ដង់ដាបច្ចេកទេសរួមមួយសម្រាប់ការដាំដុះដូង កំណត់គុណភាព និងកំណត់លក្ខខណ្ឌក្នុងប្រើប្រាស់ម៉ាក សមូហភាពដូងខ្ទះបាត់ដំបងនេះ ពិសេសគឺជួយពង្រីកការដាំដុះនិងទីផ្សារលក់ដូរ ផ្ដល់ប្រយោជន៍ច្រើនសម្រាប់អ្នកផលិតនិងអាជីវករ។

គួរជម្រាបថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសមូហភាព «ដូងខ្ទិះបាត់ដំបង» រួមជាមួយផលិតផលមួយចំនួនទៀតនាពេលឆាប់ៗខាងមុខ។

ក្នុងសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិតនិងអាជីវករដូងខ្ទិះបាត់ដំបង (ក.ផ.អ.ប) នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ អំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពត-កែប និងម៉ាកសមូហភាព រួមមាន៖ អំបុកកំពង់ធំ ដូងខ្ទះបាត់ដំបង នំបញ្ចុកសៀមរាប និងក្រូចថ្លុងកោះពីរ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក នៅសណ្ឋាគារភ្នំពេញ។

លោក អ៊ុក ប្រជា បានបន្តថា ម៉ាកសមូហភាពដូងខ្ទះបាត់ដំបងនឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្ម បិតលើផលិតផលដែលដាក់លក់នៅលើទីផ្សារ។ នេះមិនត្រឹមតែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកនេះនឹងក្លាយជាកម្លាំងស្រូបទាញទេសចរជាតិនិងបរទេសឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជនជូនដល់ភ្ញៀវដែលមកកម្សាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត។

លោកបានបន្តទៀតថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការកែច្នៃផលិតផលនាំចេញ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបង្កើនល្បឿនចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ «ដូងខ្ទះបាត់ដំបង» ក៏ត្រូវបានកំណត់ជាផលិតផលសក្តានុពលសម្រាប់ចុះបញ្ជីការពារជាម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងដូងខ្ទះរបស់កម្ពុជានៅលើទីផ្សារជាតិនិងអន្តរជាតិ។

លោកថា គោលបំណងធំមួយរបស់ក្រសួងពាណិជ្ជកម្ម គឺចង់ជំរុញការកែច្នៃ និងវេចខ្ចប់ដូងខ្ទះបាត់ដំបងឱ្យត្រូវតាមស្ដង់ដា និងការតម្រូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេសស្របតាមទិសដៅនៃការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជា
ដែលជាផ្នែកមួយគាំទ្រខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យមានការរីកចម្រើន។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានថ្លែងថា ដូងខ្ទះបាត់ដំបង គឺជាប្រភេទដូងខ្ចីដែលបានដាំដុះជាលើកដំបូងនៅក្នុងស្រុកចំនួន៣ គឺស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ។

ដូងខ្ទះបាត់ដំបងនេះមានសាច់ក្រាស់ ទន់ ក្លិនក្រអូប រសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ និងអាចយកទៅធ្វើជាបង្អែមផ្លែឈើ ធ្វើទឹកក្រឡុក និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពមនុស្សផងដែរ។

ដោយមើលឃើញពីសក្តានុពល និងគុណតម្លៃនៃផលិតផលដូងខ្ទះបាត់ដំបង និងជាដូងកម្រដែលត្រូវការដីមានជីវជាតិខ្លាំង និងលំបាកក្នុងការដាំដុះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមគំនិតនិងគាំទ្រក្នុងការចុះបញ្ជីដូងខ្ទះបាត់ដំបង ជាម៉ាកសមូហភាព ជំពូក៣១ លើមុខទំនិញដូងខ្ទិះ នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។

លោករដ្ឋលេខាធិការ អ៊ុក ប្រជា បានបញ្ជាក់ដែរថា បន្ទាប់ពីសន្និបាតនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំបំពេញពាក្យស្នើសុំចុះបញ្ជីម៉ាកសមូហភាព «ដូងខ្ទះបាត់ដំបង» នៅក្រសួងពាណិជ្ជកម្ម៕