(ភ្នំពេញ)៖ អ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចយល់ថា ការដំឡើងអត្រារបស់ធនាគារមួយចំនួនក្នុងគ្រានេះ នឹងបន្ថែមបន្ទុកកាន់តែខ្លាំងដល់ជាប់កម្ចី ខណៈបច្ចុប្បន្ននេះវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យពួកគេរងផលប៉ះពាល់ពីការរកចំណូល ប្រសិនបើធនាគារដំឡើងអត្រាការប្រាក់ទៀតនោះ នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពសងត្រឡប់ និងផ្តល់ផលជះមិនល្អដល់វិស័យធនាគារ។

ការលើកឡើងរបស់អ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗ មានធនាគារមួយចំនួន បានប្រកាសចាប់ផ្តើមដំឡើងអត្រាការប្រាក់ បន្ថែមពីលើអត្រាការប្រាក់មុន។

លោក ង៉ែត ជូ អ្នកជំនាញខាងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការដំឡើងអត្រាការប្រាក់មិនគួរធ្វើឡើង សម្រាប់អតិថិជនដែលខ្ចីស្រាប់នោះទេ បើទោះបីជាថ្លៃដើមមានការកើនឡើង ដោយសារការកើនឡើងនៃអត្រាការប្រាក់ នៅលើទីផ្សារអន្តរជាតិ នាពេលបច្ចុប្បន្ននេះក៏ដោយ ព្រោះកម្ចីដែលមានស្រាប់ គឺជាកម្ចីដែលបានខ្ចី ក្នុងស្ថានភាពសេដ្ឋកិច្ចល្អ មានថ្លៃដើមមិនខ្ពស់ដូចបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ក្នុងស្ថានភាពលំបាកអតិថិជនខ្លះ មិនទាំងមានប្រាក់បង់ផង។ បើចង់ដំឡើងការប្រាក់ គួរដំឡើងលើកម្ចីបញ្ចេញថ្មី។

លោកបន្តថា ការដំឡើងអត្រាការប្រាក់ដល់អតិថិជនដែលមានស្រាប់ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងលទ្ធភាពសងរបស់របស់ពួកគេ។ ជាមួយគ្នានេះ នៅពេលមានការដំឡើង អាចនឹងធ្វើឱ្យតម្រូវការកម្ចីមានការថយចុះ ដែលអាចប៉ះពាល់ដល់វិស័យធនាគារផងដែរ។

លោកលើកឡើងថា «កាលណាសេដ្ឋកិច្ចមិនសូវមានភាពអំណោយផល និងមិនមានភាពប្រាកដប្រជា នឹងធ្វើឱ្យការប្រកបរបរអាជីវកម្មនានា មានការលំបាក ការរកចំណូលធ្លាក់ចុះ ហើយស្របពេលធនាគារ ចាប់ផ្តើមដំឡើងអត្រាការប្រាក់នឹងធ្វើឱ្យប៉ះពាល់អតិថិជន ពោលគឺលទ្ធភាពសងត្រឡប់របស់ពួកគេនឹងកាន់តែលំបាកជាងមុន»

លោកលើកឡើងបន្តថា បើទោះបីជាការដំឡើងអត្រាការប្រាក់ ០.៥% មិនមែនសញ្ញាអាក្រក់ក៏ដោយ ប៉ុន្តែចំណុចនេះបានផ្ទុយនឹងការប្រកាសរបស់ធនាគារជាតិ ដែលហាមឱ្យមានការដំឡើងអត្រាប្រាក់ ចំពោះអតិថិជន ឬកម្ចីដែលមានស្រាប់ ដោយមិនមានការឯកភាពពីអតិថិជននោះទេ។

លោកពន្យល់បន្ថែមថា «ទៅមុខទៀតប្រែប្រួលយ៉ាងណា យើងអត់ទាន់ដឹងទេ។ សង្ឃឹមថាធនាគារ ដែលចេញលិខិតដំឡើងអត្រាការប្រាក់នេះ នឹងពិចារណាពីអនុលោមភាពច្បាប់ ដែលជាបទបញ្ញត្តិចេញដោយនិយ័តករ ក៏ដូចជារដ្ឋាភិបាល»

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការដំឡើងអត្រាការប្រាក់របស់ធនាគារមួយចំនួននាពេលនេះ ហាក់មិនឆ្លើយតបនឹងកាលៈទេសៈនោះទេ ខណៈបច្ចុប្បន្ននេះពលរដ្ឋ និងជាប់កម្ចី កំពុងតែជួបបញ្ហាផ្សេង ដូចជាបញ្ហាអតិផរណា អត្រាអត់ការងារធ្វើ និងការថយចុះនៃចំណូលពីការប្រកបអាជីវកម្ម។ ការដំឡើងអត្រាការប្រាក់ ប្រៀបដូចជាការបន្ថែមបន្ទុកកាន់តែធ្ងន់ដល់អ្នកខ្ចី។

លោកមានប្រសាសន៍ថា «ខ្ញុំយល់ឃើញថា វាជាបញ្ហាមួយពិបាកទៅដល់អ្នកខ្ចីទាំងចាស់ទាំងថ្មី ។ បើជាទស្សនៈខ្ញុំវិញ គួរតែយើងចាប់ផ្តើមគិតដំឡើងអត្រាការប្រាក់ សម្រាប់អ្នកខ្ចីថ្មី ដោយសារតែវិវត្តថ្មីៗ ដែលកំពុងតែកើតមាននៅក្នុងពិភពលោក។ បញ្ហានេះ គឺជាការងារមួយគួររួមគ្នាដោះស្រាយ ហើយជៀសវាងការសម្រេច ក្នុងនាមជាអ្នកផ្តល់កម្ចី ពីព្រោះថា អ្នកខ្ចីគាត់ក៏រងគ្រោះ ចំណែកអ្នកឱ្យខ្ចីក៏មានបញ្ហាខ្លះដែរ ប៉ុន្តែបញ្ហារបស់គាត់ជាបញ្ហា ដែលអាចដោះស្រាយបាន។ ចំណែកបញ្ហារបស់អ្នកខ្ចី គឺជាបញ្ហាពិតប្រាកដជាក់ស្តែង ដែលគាត់ជួបការលំបាក ព្រោះក្នុងដំណាក់កាលនេះ គឺពិបាកណាស់ក្នុងការរកប្រាក់មកសងការប្រាក់ និងសងថ្លៃដើម»

ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការប្រកាសដំឡើងអត្រាការប្រាក់ របស់ធនាគារមួយចំនួននៅកម្ពុជា ដោយសារការរងឥទ្ធិពល ដែលកម្ពុជាទទួលបានពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាសហរដ្ឋអាមេរិក។

លោកស្រីបន្តថា ការកើនឡើងនៃអត្រាការប្រាក់នេះ ដោយសារតែកម្ពុជាមានកម្រិតដុល្លាររូបនីយកម្មខ្ពស់ និងបានផ្តល់ជាឥណទានច្រើន ជាប្រាក់ដុល្លារអាមេរិក។

លោកស្រីមានប្រសាសន៍ថា ចាប់ពីខែមីនា ឆ្នាំ២០២២មក ធនាគារកណ្តាល បានបង្កើនអត្រាការប្រាក់គោល ដើម្បីបន្ទាបអត្រាអតិផរណា ដែលបានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលទសវត្សចុងក្រោយនេះ បានបង្កើននេះ បាននាំឱ្យអត្រាការប្រាក់នៅទីផ្សារអន្តរជាតិ កើនឡើងផងដែរ នៅដើមឆ្នាំ២០២៣ ហើយឥទ្ធិពលនេះបានចាប់ផ្តើមឡើងនៅកម្ពុជា ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានបង្កើនអត្រាការប្រាក់ជាដុល្លារអាមេរិករបស់អតិថិជន។

លោកស្រីបន្តថា «ចំណុចនេះ ក៏ជាចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ នៅពេលយើងចាយលុយដុល្លារអាមេរិក ធនាគារកណ្តាលអាមេរិក និងរដ្ឋាបាលអាមេរិក គេសម្រេចចិត្តធ្វើឱ្យលុយគេថោក ឬថ្លៃ គឺយើងអត់មានលទ្ធភាពទៅតវ៉ាទៅអីទាំងអស់ គឺថាយើងត្រូវទទួលយក»

លោកស្រី អំពាវនាវដល់ក្រសួង ស្ថាប័នសាធារណៈ គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រក្រុមហ៊ុនសហគ្រាស ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបន្តប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើន។ ប្រសិនប្រាក់រៀលប្រើប្រាស់ ក្នុងបរិមាណច្រើនវិញនោះ ធនាគារជាតិនៃកម្ពុជានឹងអាចមានលទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងអត្រាការប្រាក់លើទីផ្សារ។

នៅកម្ពុជាមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានប្រមាណជាង១០០ កំពុងប្រតិបត្តិការផ្តល់កម្ចីដល់ពលរដ្ឋ ក្នុងរួមមានធនាគារពាណិជ្ជ៥៥ ធនាគារឯកទេស១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧៩ រួមនឹងគ្រឹះស្ថានហិរវត្ថុផ្សេងៗទៀត៕