(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅតាមតំបន់ជនបទ។

នេះជាការបញ្ជាក់ប្រកបដោយមោទនៈភាពរបស់លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាថ្លែងក្នុងនៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ប្រារព្ធធ្វើនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៣ ក្នុងស្រុកថ្មគោលឆ្នាំង ខេត្តបាត់ដំបង។

លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីសារៈសំខាន់ របស់វិស័យមីក្រូហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ថែមទៀត ក្នុងនោះបានអនុញ្ញាតឱ្យវិស័យនេះ មានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជា នូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន។

លោកបានបញ្ជាក់ថា បច្ចុប្បន្នវិស័យនេះទទួលបានការរីកចម្រើនយ៉ាងខ្លាំងគួរជាទីមោទនៈ ព្រមទាំងត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក ហើយក៏មានបណ្តាប្រទេសមួយចំនួនបានមករៀនសូត្រ ស្វែងយល់អំពីបទពិសោធន៍នៃការត្រួតពិនិត្យ និងក្របខណ្ឌបទប្បញ្ញត្តិដែលអនុវត្ត ចំពោះវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោក រ័ត្ន សុវណ្ណនរៈ បានទទួលស្គាល់ថា វិស័យនេះក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលជាឧបសគ្គ ដល់ការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុខ្លះៗ ដែលត្រូវយកចិត្តទុកដាក់ និងជួយដល់វិស័យនេះ ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុហើយបញ្ហាទាំងនោះរួមមានដូចជា៖ ការចងការប្រាក់ក្រៅប្រព័ន្ធ ដោយគ្មានច្បាប់អនុញ្ញាត, ការគិតកម្រៃសេវាឥណទានខ្ពស់, ការខ្ចីប្រាក់ច្រើនលើសលុប, ការប្រមូលប្រាក់របស់ជនខិលខូចក្នុងរូបភាពសន្សំ ឬការវិនិយោគ និងការអនុវត្តការងាររបស់បុគ្គលិកឥណទាន ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈជាដើម។

លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាកូក៏បាលើកឡើងទោះបីកន្លងមកកម្ពុជាទទួលផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយប៉ុន្តែវិស័យមីក្រូហិរញ្ញវត្ថុនៅតែរក្សាបាននូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារនិងបន្ត អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជានិច្ច។

លោកបានបន្ដថា ជាក់ស្ដែងគិតត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមាន៤៤.៤ ទ្រីលានរៀល (ស្មើនឹង១០.៨ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមាន៣៨.៩ ទ្រីលានរៀល (ស្មើនឹង ៩.៥ប៊ីលានដុល្លារអាមេរិក) ផ្តល់ដល់អតិថិជនចំនួនជាង ២.១លានគណនី។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានទទួលប្រាក់បញ្ញើសរុបប្រមាណ១៩.៤ទ្រីលានរៀល (ស្មើនឹង ៤.៧ ប៊ីលានដុល្លារអាមេរិក) ពីអតិថិជនដាក់ប្រាក់បញ្ញើប្រមាណ ២.៧ លានគណនី។

លោក ម៉ែន ភក្ដី បានចាត់ទុកថា ទាំងនេះបានមកពីកិច្ចខិតខំប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីចំពោះតិថិជន ក្នុងការប្រកបអាជីវកម្ម ក៏ដូចការលើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍ចរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ នៅស្រុកថ្មគោលមានគ្រឹះស្ថានចំនួនមីក្រូហិរញ្ញវត្ថុចំនួន២១ កំពុងធ្វើប្រតិបត្តិការ ក្នុងនោះបានផ្តល់សេវាឥណទាន សរុបប្រមាណ៣៦លានដុល្លារ ដល់ប្រជាពលរដ្ឋចំនួន១១,៩១៤ គ្រួសារមាន៥៤.១% ជាស្រ្តី៕