(ភ្នំពេញ)៖ ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករ ចំនួន៨០កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងកសិកម្ម និងស្ថានទូតអូស្ត្រាលី នៅថ្ងៃទី៥ ខែមេសានេះ។

ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI) និងរដ្ឋាភិបាលអូស្រ្តាលី។

ចំប៉ីស៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវ មិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។

ទិវាស្រែចំនួនបីត្រូវបានរៀបចំដោយាមានការចូលរួមពីកសិករប្រមាណជា៩០នាក់ ដែលមួយភាគបីនៃអ្នកចូលរួមគឺជាស្រ្តី ដើម្បីវាយតម្លៃទៅលើស្រឡាយដែលល្អបំផុតសម្រាប់ការបញ្ចេញពូជ។ ស្រឡាយមួយ ត្រូវបានជ្រើសរើស និងដាក់ជូនគណៈកម្មការបញ្ចេញពូជដំណាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្ងៃនេះ លោក Justin Whyatt ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅ CARDI។

ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ។ ស្រូវនេះ គឺជាប្រភេទពូជស្រូវ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។

លោក ឡោ ប៊ុណ្ណា នាយក CARDI បានលើកឡើងថា «ពូជស្រូវមួយនេះ ពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករ។ វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ។ ដោយសារតែវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស៧០ បានពេញមួយឆ្នាំតែម្តង»។

វិស័យកសិកម្ម គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុក សរុបរបស់កម្ពុជាក្នុងឆ្នាំ២០២១។ វិស័យនេះ ផ្តល់ការងារជាងមួយភាគបីនៃចំនួនការងារសរុបរបស់កម្ពុជា ដែលច្រើនជាងពាក់កណ្តាលនៃអ្នកធ្វើការសរុប គឺជាស្រ្តី។

អង្ករក្រអូប មានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលការនាំចេញមានចំនួនច្រើនជាង ៦០ភាគរយ នៃអង្ករនាំចេញសរុបរបស់កម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់គោលដៅនាំចេញអង្ករឱ្យបាន ១លានតោនក្នុងឆ្នាំ២០២៥ខាងមុខ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា «ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតដ៏សំខាន់ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ។ ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង»។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Justin Whyatt បានលើកឡើងថា «ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបានគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ។ ខ្ញុំសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងទីផ្សារប្រទេសអូស្ត្រាលីផងដែរ»។

ប្រទេសអូស្រ្តាលី គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងកិច្ចគាំទ្រលើវិស័យកសិកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ គឺនៅពេលដែលអូស្រ្តាលី បានបញ្ជូនអ្នកជំនាញកសិកម្ម មកជួយធ្វើអោយប្រសើរឡើង នូវការស្រាវជ្រាវដែលយកដំណាំស្រូវជាមូលដ្ឋាន។
អូស្រ្តាលីក៏បានគាំទ្រលើការងារសំខាន់ៗផ្សេងៗទៀត រួមមានការបង្កើតឡើងនូវ វិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្រោមភាពជាដៃគូដ៏រឹងមាំជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងការដាក់ឱ្យដំណើរការ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) មានរយៈពេល ១២ឆ្នាំ ដែលទើបតែបញ្ចប់ក្នុងឆ្នាំ២០២២។