(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា នៅឆ្នាំ២០២២ ថវិការបស់រដ្ឋាភិបាលកម្ពុជា មានអតិរេក (ចំណូលច្រើនជាងចំណាយ) ១.៧% ដោយសារការប្រមូលពន្ធលើសផែនការ និងការចំណាយទាប បើទោះបីឆ្នាំមុន​រាជរដ្ឋាភិបាលបានចំណាយថវិកា ដើម្បី​គាំទ្រដល់ការបង្ការ និងការព្យាបាលជំងឺកូវីដ១៩ និងឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ និងការអនុវត្តផែនការស្តារសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ។

យោងតាមរបាយការណ៍ ស្តីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ីខែមេសា ឆ្នាំ២០២៣ ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា ថវិកាជាទូទៅរបស់រដ្ឋាភិបាល ដែលរួមបញ្ចូលគ្នានូវថវិការដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ត្រូវបានព្យាករថានឹងមានឱនភាព ៥.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២២ ប៉ុន្តែចំណូលខ្ពស់ និងការចំណាយទាប បានបង្កើតអតិរេកថវិកាចំនួន ១.៧% នៃGDP។

ADB​ បន្ថែមថា «ការប្រមូលពន្ធលើសការរំពឹងទុក បានបង្កើនចំណូលដល់ប្រមាណ ២២.២% នៃ GDP ខ្ពស់ជាងគម្រោងចំណូលដែលមានចំនួន ២០.២% ស្របពេលការចំណាយត្រូវបានប៉ាន់ស្មានដំបូងថា មានចំនួន២០.៥%នៃ GDP ដែលទាបជាងគម្រោងចំណាយ ដែលមាន ២៥.៧%»

​​លោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៃធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងថា តាមរយៈបទពិសោធកាលពីឆ្នាំមុន ការរៀបចំផែនការហិរញ្ញវត្ថុរបស់រដ្ឋាភិបាល​ គឺមានលក្ខណៈអភិរក្សខ្លាំង​ ទើបធ្វើឱ្យមានអតិរេកថវិកា។

លោកបន្តថា «កាលពីឆ្នាំទៅ គឺយើងមិនរំពឹងថាផែនការឱនភាពថវិកា ៥.៥%នៃGDP ប្រែក្លាយទៅជាអតិរេក ១.៧%នោះទេ។ យើងនឹងរងចាំមើលបន្ថែមទៀត ថាតើឆ្នាំ២០២៣នេះ នឹងបន្តមានអតិរេកដែរទេ។ តែអាចនឹងបន្តមានអតិរេក ដោយសារតែចរិកលក្ខណៈនៃការរៀបចំផែនការថវិកា មានលក្ខណៈអភិរក្ស»

យោងតាមរបាយការស្ថិតិហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការប្រមូលចំណូលថ្នាក់ជាតិ សម្រេចបាន ២៥ ០៤៤ ប៊ីលានរៀល (ប្រមាណជាង ៦ពាន់លានដុល្លារ) ស្មើនឹង ១០៩.៤០នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ខណៈការអនុវត្តចំណាយសរុបរបស់ថ្នាក់ជាតិ សម្រេចបាន ២៣ ៧២១ ប៊ីលានរៀល (ប្រមាណជាង៥.៨ពាន់លានដុល្លារ) ស្មើនឹង៨០.៨៥%នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ ជាលទ្ធផលការអនុវត្តថវិកាជាតិ ទទួលបានអតិរេក ១ ៣២៣ ប៊ីលានរៀល (ប្រមាណជាង៣០០លានដុល្លារ)។

ក្រសួងសេដ្ឋកិច្ចបន្តថា ការប្រមូលចំណូលឆ្នាំ២០២២ សម្រេចបានលើសផែនការ ដែលបានកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ និងកើនឡើង១៥.០៤% បើធៀបនឹងរយៈពេលអនុវត្តដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះចំណូលពន្ធកើនឡើង ២២.១៤% ចំណូលមិនពន្ធកើនឡើង ៨.៤០% ខណៈចំណូលពីអំណោយធ្លាក់ ៥២.១៦%។ ការកើនឡើងខ្ពស់នៃការប្រមូលចំណូលពន្ធ គឺគាំទ្រដោយចំណូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ និងចំណូលពន្ធលើទំនិញ និងសេវាប្រើប្រាស់ ដែលបានកើនឡើង ២២.៨៣% និង២២.២៧% រៀងគ្នា ខណៈដែលកំណើននៃការប្រមូលចំណូលមិនមែនពន្ធ គាំទ្រដោយចំណូលពីការផ្តល់ទិដ្ឋាការ ដែលបានកើនឡើង ៦៩.៦០%៕