(ភ្នំពេញ)៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបានរៀបចំសិក្ខាសាលាស្តីពី តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាជាមួយអ្នកពាក់ព័ន្ធក្នុងការកំណត់ និងប្រមូលធាតុចូលបន្ថែម លើការអភិវឌ្ឍន៍ហិរញ្ញវត្ថុវិមជ្ឈការ ដើម្បីឈានទៅរៀបចំសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នាពេលខាងមុខ។

សិក្ខាសាលានេះ បានរៀបំឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងគោលបំណងកំណត់ និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ និងផលជះនៃហិរញ្ញវត្ថុវិមជ្ឈការ ទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, ស្វែងយល់អំពីសមាសភាគ និងយន្តការនៃក្របខណ្ឌការពារទិន្នន័យនៃប្រព័ន្ធវិមជ្ឈការ និងបន្តប្រមូលធាតុចូលបន្ថែមលើហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន និងនិយ័តករ, គ្រឹះស្ថានអប់រំ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ, សមាគម, និងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបចំនួន ១៣០ រូប។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយ បានលើកឡើងថា មូលដ្ឋានគ្រឹះនៃការរៀបចំគោលនយោបាយគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានគោលការណ៍គ្រឹះចំនួន ៣ រួមមាន៖ (១) លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២) ការរក្សាឱ្យបានស្ថិរភាពហិរញ្ញវត្ថុ និង (៣) អភិវឌ្ឍឱ្យល្អប្រសើរនូវនវានុវត្តន៍ហិរញ្ញវត្ថុ ដោយឈរលើគោលគំនិត ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលឱ្យបានជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បបរមា។

លោកបានបញ្ជាក់បន្ថែមថា ហិរញ្ញវត្ថុវិមជ្ឈការអាចនឹងផ្តល់អត្ថប្រយោជន៍ច្រើន និងមានសក្តានុពលសម្រាប់វិស័យហិរញ្ញវត្ថុ ប៉ុន្តែទម្រង់ហិរញ្ញវត្ថុនេះកំពុងក្លាយជាកម្មវត្ថុនៃការពិភាក្សាយ៉ាងច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីហានិភ័យដែលអាចនឹងកើតមាន ជាមួយនឹងភាពស្មុគស្មាញនៃការធ្វើនិយ័តកម្មផងដែរ។

លោកមានប្រសាសន៍បន្តថា «ការបន្តកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុបានបង្កើតឱ្យមានទិន្នន័យកាន់តែច្រើនឡើងៗ ដែលនៅរាយប៉ាយ មិនទាន់មានការគ្រប់គ្រង ឬក្របខណ្ឌការពារច្បាស់លាស់។ ក្នុងន័យនេះ ការគិតគូរពីទិដ្ឋភាពនៃការការពារ និងការគ្រប់គ្រងទិន្នន័យ នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបង្កើនការជឿទុកចិត្ត និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយសុវត្ថិភាព និងសន្តិសុខខ្ពស់»

លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបានលើកឡើងថា ការគ្រប់គ្រងនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុតាមបែបប្រពៃណីកន្លងមក ត្រូវស្ថិតនៅក្រោមការធ្វើនិយ័តកម្មលើវិស័យហិរញ្ញវត្ថុ ២ ធំៗ គឺវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ប៉ុន្តែ ជាមួយនឹងការរីកចម្រើននៃហិរញ្ញវត្ថុវិមជ្ឈការ បានកំពុងកែប្រែរបៀបនៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។

លោកថ្លែងបន្តទៀតថា «សកម្មភាព និងប្រតិបត្តិការហិរញ្ញវត្ថុក្នុងទម្រង់ហិរញ្ញវត្ថុវិមជ្ឈការ ត្រូវបានយល់ថា មិនតម្រូវឱ្យមានអន្តរការី ឬមិនត្រូវការនិយ័តកម្មនោះទេ ដោយហេតុថា បច្ចេកវិទ្យានេះ ដូចជាបច្ចេកវិទ្យាប្លុកឆេន មានសមត្ថភាពក្នុងការបង្កើតតម្លាភាព និងសុវត្ថិភាពដោយខ្លួនឯង។ ការយល់បែបនេះ បានបង្កើតឱ្យមានជាកង្វល់ថ្មីមួយក្នុងចំណោមនិយ័តករលើសកលលោក ក្នុងការគិតគូររៀបចំគោលនយោបាយ ឬក្របខណ្ឌ ដើម្បីម្ខាងអាចជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាំងនេះ និងម្ខាងទៀតដើម្បីធានាបាននូវការគ្រប់គ្រងផងដែរ។ ក្នុងន័យនេះ, ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, ជាការចាំបាច់ដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់តាមរយៈការដាក់ចេញនូវក្របខណ្ឌនៃការគ្រប់គ្រងសកម្មភាពបែបនេះ»

សិក្ខាសាលាដែលរៀបចំឡើងពេញមួយថ្ងៃនេះ ក៏មានការធ្វើបទបង្ហាញសរុបចំនួន៦ និងកិច្ចពិភាក្សាចំនួន ២ ស្តីពីទិន្នន័យ និងហិរញ្ញវត្ថុវិមជ្ឈការផងដែរ៕