(ប៉េកាំង)៖ តម្លៃប្រេងឆៅបានកើនឡើងនៅក្នុងការជួញដូរនៅថ្ងៃអង្គារ បន្ទាប់ពីអង្គការ OPEC+ មានផែនការកាត់បន្ថយការផលិតដែលបានអង្រួនទីផ្សារកាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានកើនឡើង ៤១សេន ឬ ០,៥ភាគរយដល់ ៨៥,៣៤ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃចន្ទ។ ប្រេងឆៅប្រភេទ WTI ក្នុងកិច្ចសន្យាអនាគតត្រូវបានជួញដូរក្នុងតម្លៃ ៨០,៨៣ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤១សេន ឬ ០,៥ភាគរយ។

តម្លៃប្រេងឆៅទាំងពីរប្រភេទនេះបានកើនឡើងជាង ៦ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរួមទាំងរុស្ស៊ី ដែលរួមគ្នាហៅថា OPEC+ បានអង្រួនទីផ្សារជាមួយនឹងការប្រកាសកាលពីថ្ងៃអាទិត្យអំពីផែនការកាត់បន្ថយទិសដៅទិន្នផលប្រេងចំនួន ១,១៦លានបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃ (bpd)។

យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការប្រកាសចុងក្រោយបំផុតនេះនាំឱ្យបរិមាណសរុបនៃការកាត់បន្ថយទិន្នផលប្រេងដោយ OPEC + កើនឡើងដល់ ៣,៦៦លានបារ៉ែលក្នុងមួយថ្ងៃ រួមទាំងការកាត់បន្ថយចំនួន ២លានបារ៉ែលកាលពីខែតុលា ដែលស្មើនឹងប្រហែល ៣,៧ភាគរយនៃតម្រូវការពិភពលោក។

លោក Hiroyuki Kikukawa ប្រធានក្រុមហ៊ុន NS Trading ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Nissan Securities បានមានប្រសាសន៍ថា៖ «ការសម្រុកទិញប្រេងដោយសារការប្រកាសពីការកាត់បន្ថយទិន្នផលប្រេងរបស់ OPEC+ បានស្ងប់ស្ងាត់មកវិញហើយ ហើយទីផ្សារបានងាកទៅរកចក្ខុវិស័យតម្រូវការនាពេលអនាគត»។

ការកាត់បន្ថយផលិតកម្មរបស់ OPEC+ បាននាំឱ្យអ្នកវិភាគភាគច្រើនបង្កើនការព្យាករអំពីតម្លៃប្រេងឆៅប្រភេទ Brent ដល់ប្រហែល ១០០ដុល្លារក្នុងមួយបារ៉ែលនៅចុងឆ្នាំនេះ។ ក្រុមហ៊ុន Goldman Sachs បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់ប្រេងឆៅប្រភេទ Brent ដល់ ៩៥ដុល្លារក្នុងមួយបារ៉ែលនៅចុងឆ្នាំនេះ និងដល់ ១០០ដុល្លារសម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕