(ប៉េកាំង)៖ ប្រទេសសិង្ហបុរី និងប្រទេសចិន បានបញ្ចប់ការចរចាសំខាន់ៗ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះប្រសើរឡើង ដែលនឹងជំរុញលទ្ធភាពចូលទៅទីផ្សារ សម្រាប់ក្រុមហ៊ុនអាជីវកម្ម របស់ប្រទេសទាំងពីរ។ នេះបើយោងតាមកាសែត Channel News Asia។

ការបញ្ចប់ការចរចានេះ បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរ បានប្រកាសពីការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគីរបស់ខ្លួន។

កាសែត Channel News Asia បានរាយការណ៍ថា ប្រទេសសិង្ហបុរី និងចិនក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៦ ផងដែរកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនរាប់ចាប់ពីសុវត្ថិភាពចំណីអាហារ រហូតដល់វិស័យសិល្បៈ និងការអភិរក្សជីវចម្រុះ។

អនុស្សរណៈនៃការយោគយល់គ្នាទាំងនេះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីរបស់រដ្ឋាភិបាលសិង្ហបុរី នៅក្នុងក្រុមគណៈប្រតិភូរបស់នាយករដ្ឋមន្ត្រី Lee Hsien Loong និងសមភាគីចិន ដោយលោក Lee និងនាយករដ្ឋមន្ត្រីថ្មីរបស់ចិន គឺលោក លី ឈាង បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា នៅសាលប្រជាជន (Great Hall of the People) នៅទីក្រុងប៉េកាំង។

លោកនាយករដ្ឋមន្ត្រី Lee ទទួលបានស្វាគមន៍ក្នុងពិធីផ្លូវការមួយ និងថ្លែងសុន្ទរកថា បើកមុនពេលធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាទាំងនេះ។ ថ្ងៃសៅរ៍សប្តាហ៍មុន គឺជាថ្ងៃបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក Lee ទៅកាន់ប្រទេសចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន។

កាលពីថ្ងៃសុក្រ លោក Lee បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ហើយមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូតម្រង់ទិសអនាគត ប្រកបដោយគុណភាពខ្ពស់ គ្រប់ជ្រុងជ្រោយ»។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយប្រទេសទាំងពីរ កាលពីថ្ងៃសៅរ៍ សិង្ហបុរីបានឱ្យដឹងថា ខ្លួនបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួន សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន និងស្វាគមន៍ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើកំណែទម្រង់ និងការបើកចំហរប្រទេស។ នេះបើយោងតាមកាសែត Channel News Asia៕