(ប៊ែន)៖ ធនាគារ UBS Group AG អាចកាត់បន្ថយបុគ្គលិករបស់ខ្លួនចន្លោះពី ២០% ទៅ ៣០% បន្ទាប់ពីបានបញ្ចប់ការចូលកាន់កាប់ធនាគារ Credit Suisse Group AG ដោយនឹងកាត់បន្ថយការងាររហូតដល់ ៣៦ ០០០កន្លែងនៅទូទាំងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍ កាលពីថ្ងៃអាទិត្យរបស់សារព័ត៌មាន Sonntagszeitung របស់ប្រទេសស្វីសថា នៅក្នុងប្រទេសស្វីស បុគ្គលិករហូតដល់ ១១ ០០០នាក់នឹងត្រូវបញ្ឈប់ពីការងារ។ ធនាគារទាំងពីរនេះ រួមគ្នាផ្តល់ការងារដល់មនុស្សជិត ១២៥ ០០០នាក់ គិតត្រឹមចុងឆ្នាំមុន ដោយក្នុងនោះ ៣០% នៃចំនួនសរុបនៅក្នុងប្រទេសស្វីស។

ដោយសារការច្របាច់បញ្ចូលគ្នា បង្កើតឱ្យមានការងារត្រួតស៊ីគ្នាច្រើន មានការរំពឹងថា ការជម្រុះការងារចុងក្រោយនឹងកើនឡើងច្រើនជាងនេះ។

កាលពីខែមុនធនាគារ UBS ដែលធំបំផុតរបស់ប្រទេសស្វីស បានយល់ព្រមទិញធនាគារក្ស័យធន Credit Suisse ដែលជាគូប្រជែងរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងសង្គ្រោះបន្ទាន់មួយ ក្នុងគោលបំណងលុបបំបាត់ការភ័យស្លន់ស្លោ ក្នុងទីផ្សារហិរញ្ញវត្ថុដោយសារការក្ស័យធន របស់ធនាគារអាមេរិកចំនួនពីរកាលពីដើមខែនេះ។

យោងតាម CNN ធនាគារ UBS ត្រូវចំណាយប្រាក់ ៣ពាន់លានហ្វ្រង់ស្វីស (៣.២៥ពាន់លានដុល្លារ) សម្រាប់ការទិញយកធនាគារ Credit Suisse ពោលគឺទាបជាងតម្លៃនៅពេលទីផ្សារបិទការជួញដូរភាគហ៊ុន នៅពេលនោះប្រហែល ៦០%៕