(ហាណូយ)៖ រដ្ឋាភិបាល និងធនាគារកណ្តាលវៀតណាម បានឱ្យដឹងនៅថ្ងៃចន្ទថា វៀតណាមប្រឈមនឹងការងារដ៏តានតឹង ក្នុងការរក្សាតុល្យភាព រវាងការសម្រេចបានទិសដៅកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់ខ្លួន និងការរក្សាស្ថិរភាព នៅក្នុងទីផ្សារ ខណៈដែលការធ្លាក់ចុះតម្រូវការសកលលោក បានបន្ថយចក្ខុវិស័យរបស់ប្រទេសនេះ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងផែនការ និងវិនិយោគវៀតណាមថា ការធ្លាក់ចុះការនាំចេញ ការកើនឡើងកម្រិតស្តុក អតិផរណា និងការថមថយការវិនិយោគផ្ទាល់ពីបរទេស គឺជាបញ្ហាប្រឈមដែលប្រទេសវៀតណាម កំពុងជួបប្រទះ ខណៈដែលក្រសួងបានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងពី ៦ភាគរយទៅ ៦.៥ភាគរយសម្រាប់ឆ្នាំនេះ។

ក្រសួងផែនការ និងវិនិយោគវៀតណាមបានឱ្យដឹងថា «លក្ខខណ្ឌសកលដ៏អាក្រក់ បានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក និងសកម្មភាពអាជីវកម្ម ជាពិសេសផលិតកម្មឧស្សាហកម្ម និងការនាំចេញ»

ក្រសួងបន្ថែមថា ការលំបាកទាំងនេះ អាចមានរយៈពេលរហូតដល់ដំណាច់ត្រីមាសទីពីរ។

ប្រទេសវៀតណាម បានរាយការណ៍ពីកំណើនសេដ្ឋកិច្ច ៣.៣២ភាគរយ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ធ្លាក់ចុះពី ៥.៩២ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។

ការនាំចេញបានធ្លាក់ចុះ ១១.៩ភាគរយនៅត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាពិសេសការនាំចេញអាហារសមុទ្រ បានធ្លាក់ចុះមួយភាគបី ខណៈដែលការបញ្ជាទិញផលិតផលកាត់ដេរ របស់ខ្លួនបានធ្លាក់ចុះពី ១៥ភាគរយទៅ ២០ភាគរយ។

ធនាគារកណ្តាលវៀតណាម បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ឱ្យគាំទ្រកំណើនសេដ្ឋកិច្ច ខណៈពេលដែលរក្សាប្រព័ន្ធធនាគារ និងទីផ្សារប្តូរប្រាក់ឱ្យមានស្ថិរភាព បន្ទាប់ពីបានកាត់បន្ថយអត្រាការសម្រាប់ការផ្តល់ហិរញ្ញប្បទានជាថ្មី របស់ខ្លួនចំនួន ៥០ពិន្ទុគោលជាលើកទីពីរ ក្នុងរយៈពេលពីរសប្តាហ៍។

ធនាគារកណ្តាលវៀតណាមបានបន្តថា ខ្លួនបានទិញប្រាក់ដុល្លារពីទីផ្សារចំនួន ៤ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ដើម្បីចាក់បញ្ចូលប្រាក់ដុង ទៅក្នុងទីផ្សារក្នុងគោលបំណងផ្តល់សាច់ប្រាក់ងាយស្រួលឱ្យបានច្រើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕