(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឲ្យគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងភាពជាម្ចាស់ផ្ទះ នៃវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន និងការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រាប់បញ្ចូល ទាំងការជំរុញការវិនិយោគក្នុងវិស័យបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, សុខាភិបាល, សន្តិសុខស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

លោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះគណៈប្រតិភូ ICCI ដែលបានគិតគូរ ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ានរបស់ផ្នែកឯកជន ដោយបាន ចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេស នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានចាត់ទុកថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត ដែលប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់ជំរុញការធ្វើវិនិយោគ និងធុរកិច្ចក្នុងវិស័យសំខាន់។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលមានបំណងសិក្សា ស្វែងយល់ និងដកពិសោធន៍អំពីភាពជោគជ័យ នៃការរៀបចំវេទិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០២២ កន្លងទៅ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការវិនិយោគទ្វេភាគីលើវិស័យឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, សុខាភិបាល, សន្តិសុខ ស្បៀង និងកិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ។

លោក សុខ ចិន្តាសោភា បានសង្កត់ធ្ងន់ពីភាពច្បាស់លាស់នៃការប្រែប្រួលអាកាសធាតុ ដែលពិភពលោកទាំងមូលចាំបាច់រួមគ្នាដោះស្រាយ ហើយការប្រែប្រួលនេះ នឹងជះឥទ្ធិពលដល់ការធ្វើកសិកម្មក្នុងប្រទេសនីមួយៗ ដែលពាក់ព័ន្ធផ្ទាល់ដល់បញ្ហាសន្តិសុខស្បៀង។ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យ ICCI បន្តខិតខំធ្វើការងារបន្ថែមជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព វិបុលភាពរួម និងវឌ្ឍនភាពសង្គម ដើម្បីលើកតម្កើងសារប្រយោជន៍ និងបំណង ប្រាថ្នានៃប្រជាជាតិអាស៊ានទាំងមូល។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មជ្ឈភាពអាស៊ានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ហើយការប្រកាន់យកនូវស្មារតី «ភាពរួបរួមគ្នា» យើងជួយឲ្យអាស៊ានអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន និងទទួលបាននូវសមិទ្ធផលរួមជាច្រើន។ ការរួបរួមគ្នានេះ ហើយនឹងជួយឲ្យមានការសម្រេចបាននូវ «សហគមន៍សេដ្ឋកិច្ចអាស៊ាន» (AEC) ដែលមានគោលបំណងធ្វើឱ្យអាស៊ានក្លាយជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក។

លោក សុខ ចិន្តាសោភា បានតាមរយៈយន្តការដែលដឹកនាំដោយអាស៊ានជំរុញលើកទឹកចិត្តឲ្យវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកកាលានុវត្តភាពវិនិយោគថ្មីៗ ដែលកើតឡើងពីការរៀបចំគោលនយោបាយ ទាក់ទាញវិនិយោគចំគោលដៅដូចមានក្នុងខ្លឹមសារនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១។

តាងនាម ICCI លោក M. Arsjad Rasjid P.M. បានថ្លែងអំណរគុណជាអនេកប្បការជូនចំពោះលោក សុខ ចិន្តាសោភា ដែលបានទទួលជួបជាមួយគណៈប្រតិភូ ICCI និងផ្តល់ការគាំទ្រជាស្មារតីចំពោះការជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី ជាពិសេសការលើកទឹកចិត្តឲ្យមានការធ្វើការរួមគ្នារវាងតួអង្គពាក់ព័ន្ធសំដៅរៀបចំវេទិកា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ ២០២៣ ឲ្យបានទទួលលទ្ធផលល្អប្រសើរ។

ទន្ទឹមនេះ លោកប្រធាន ICCI ក៏បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា សំដៅរួមចំណែកផ្តល់ការធ្វើ ពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជាលើវិស័យគន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូល ហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងឯកជន។

គួរកត់សម្គាល់ផងដែរថា គិតត្រឹមខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម៕