(ភ្នំពេញ)៖ ​​លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា កត្តាដ៏សំខាន់នៅក្នុងការជំរុញ ការអភិវឌ្ឍវិស័យមូលបត្រឲ្យបានលឿន ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល គឺធនធានមនុស្ស។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែង ទូតសុឆន្ទៈផ្សារភាគហ៊ុន ឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅផ្សារមូលបត្រកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

​​លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កត្តាដ៏សំខាន់នៅក្នុងការជំរុញ ការអភិវឌ្ឍវិស័យមូលបត្រឲ្យបានលឿន ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល គឺធនធានមនុស្ស ដូចនេះដើម្បីឲ្យប្រទេសជាតិយើង រីកចម្រើនទៅមុខលឿន គឺត្រូវការនូវការចូលរួមពីយើងទាំងអស់គ្នាជាចាំបាច់»

អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងវិស័យកម្ពុជា មានធនធានមនុស្សល្អៗជាច្រើន ដែលអាចចូលរួមជាចលករដ៏សំខាន់ នៅក្នុងការផ្សព្វផ្សាយ ពីវិស័យមូលបត្រ ដូចជាប្អូនៗ ដែលជាបេក្ខជននកម្មវិធីប្រកួតប្រជែង ទូតសុឆន្ទៈផ្សារភាគហ៊ុន ឆ្នាំ២០២៣នេះជាដើម។

លោក ស៊ូ សុជាតិ បានថ្លែងថា ការចូលរួមរបស់ប្អូនៗ មិនត្រឹមតែជួយអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងជាការចូលរួមការពារប្រជាជនកម្ពុជា ពីការឆបោកនានា តាមរយៈការផ្តល់ព័ត៌មាន ដល់បងប្អូនប្រជាជនកម្ពុជា ឲ្យស្វែងយល់ពីទីផ្សារមូលបត្រ និងប្រភពនានាដើម្បីទទួលបាននូវព័ត៌មានពិត ដើម្បីជៀសវាងនូវការលួងលោមបោកបញ្ឆោតនានា។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា ការចូលរួមរបស់ប្អូនៗទាំងអស់គ្នា ក្នុងវគ្គប្រកួតប្រជែងនេះ ជាការរួមចំណែកជាវិជ្ជមានសម្រាប់ប្រទេសជាតិយើង។ ដូចនេះ សម្រាប់ប្អូនៗដែលមិនត្រូវបានជ្រើសរើស សូមកុំបោះបង់នូវបេសកកម្មនេះ សូមបន្តបេសកកម្មនេះបន្តទៀត និងបន្តសិក្សាស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា ឲ្យបានកាន់តែស៊ីជម្រៅ។

ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ផងដែរថា និយ័តករមូលបត្រកម្ពុជា កំពុងតែរៀបចំនូវការផ្តល់ការទទួលស្គាល់ ដល់អ្នកដែលមានឥទ្ធិពល ពូកែនិយាយដែលធ្វើឲ្យសាធារណជនទូទៅចូលចិត្តស្តាប់ ដែលយើងឲ្យឈ្មោះថា Influencer ក្នុងវិស័យមូលបត្រ ដើម្បីចូលរួមផ្សព្វផ្សាយពាក់ព័ន្ធនឹងវិស័យមូលបត្រ ដោយមិនគិតកម្រៃផងដែរ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០២៣នេះ ទីផ្សារមូលបត្រកម្ពុជា នឹងមានការរីកចម្រើនជាងឆ្នាំមុនៗទៅទៀត ដោយចំនួនវិនិយោគិន បានកើនឡើងយ៉ាងច្រើន នាប៉ុន្មានខែចុងក្រោយនេះ ដែលជាមធ្យម មានកំណើនប្រហែល១,០០០វិនិយោគិន ក្នុងរយៈពេលមួយខែ។

លោក ហុង សុហួរ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា មានវិនិយោគិនសរុប ប្រមាណ៣ម៉ឺន៨ពាន់នាក់ ហើយរំពឹងថា រហូតដំណាច់ឆ្នាំ២០២៣ ចំនួនវិនិយោគិន នឹងកើនដល់ជាង ៥ម៉ឺននាក់។ ដោយឡែកចំនួនក្រុមហ៊ុនចុះបញ្ជីវិញ នឹងទទួលបានក្រុមហ៊ុន ចុះបញ្ជីលក់ភាគហ៊ុនចំនួន៤ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលប្រមាណ ៥ក្រុមហ៊ុន។

បន្ថែមពីនោះទៀត លោក​បានឲ្យដឹងថា ក្នុងឆ្នាំនេះផងដែរ ផ្សារមូលបត្រកម្ពុជា អាចនឹងមានការចុះបញ្ជីមូលបត្ររដ្ឋ ការចុះបញ្ជីមូលនិធិ ការចាប់ផ្តើមអនុវត្តការជួញដូរ ដោយគ្មានប្រាក់តម្កល់ ១០០% (Margin Trading) ការបើកគណនីទាំងនៅទីតាំងផ្ទាល់ និងតាមអនឡាញដោយងាយស្រួល និងឆាប់រហ័ស និងគម្រោងផ្សេងៗជាច្រើនទៀត៕